ក្លិបបាល់ទាត់ស្ថិតក្នុងក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A បាននាំគ្នាបោះឆ្នោតប្រឆាំងការកាត់បន្ថយចំនួនក្រុមប្រកួត មកនៅត្រឹមតែ ១៨ក្រុម។ នេះបើតាមការប្រកាសរបស់ស្ថាប័នលីគអ៊ីតាលី បន្ទាប់ពីប្រជុំជាមួយដៃគូភាគហ៊ុន ក្នុងទីក្រុង Milan រួចមក។
ក្នុងចំណោមក្លិបទាំង ២០ នៅលីគ Serie A នោះ មានត្រឹមតែ ៤ក្រុមប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រការសម្រេចឱ្យកាត់បន្ថយក្លិប មកនៅសល់ត្រឹមតែ ១៨ក្រុម។ ក្នុងនោះរួមមាន Juventus, Inter Milan, AC Milan ព្រមទាំង Roma។
តែយ៉ាងណា មតិភាគតិច មិនឈ្នះមតិភាគច្រើនឡើយ រូបមន្តនៃការប្រកួតនឹងបន្តនៅចំនួន ២០ក្លិបដដែល ខណៈរូបមន្តនេះ បានប្រើប្រាស់ចាប់តាំងពីឆ្នាំ ២០០៤-០៥ មកម្ល៉េះ។
ក្លិបកំពូលៗរបស់អ៊ីតាលី បានជំរុញឱ្យមានការកាត់ក្លិបចេញខ្លះ ដើម្បីកាត់បន្ថយចំនួនការប្រកួត និងបង្កើនគុណភាពនៃបាល់ទាត់ ប៉ុន្តែការកែប្រែនេះ ត្រូវការសំឡេងភាគច្រើន ដើម្បីអាចកែរូបមន្តប្រកួតនោះបាន។
ការព្យាយាមទាមទារឱ្យមានការកាត់បន្ថយក្លិបពីសំណាក់ Juventus, Inter Milan, AC Milan និង Roma ជាដើម ត្រូវបានរងការរិះគន់ខ្លាំងៗពីប្រធានក្លិប និងនាយកក្លិបដទៃផងដែរ។
សំណើនៃកែប្រែរូបមន្តថ្មី ក៏ត្រូវបានអនុម័ត មុននឹងបង្ហាញនៅមហាសន្និបាតវិសាមញ្ញនៃសហព័ន្ធបាល់ទាត់អ៊ីតាលី FIGC នៅក្នុងខែមីនា។ លីគអ៊ីតាលី ក៏កំពុងជំរុញឱ្យមានស្វ័យភាពបន្ថែមទៀត ពី FIGC ស្រដៀងទៅនឹងក្របខណ្ឌ Premier League របស់អង់គ្លេស៕