ក្រុមប្រណាំងរថយន្ត F1 Aston Martin បានដាក់បង្ហាញ និង ធ្វើការសាកល្បងនូវរថយន្ត F1 ប្រភេទថ្មី ដែលជារថយន្ត ដែលពួកគេត្រូវយកមកប្រើប្រាស់សម្រាប់ការប្រកួត រដូវកាល ២០២៤នេះ។
រថយន្ត F1 ថ្មី របស់ក្រុម Aston Martin នេះ ត្រូវបានឱ្យដឹងថា បានប្រើប្រាស់ប្រព័ន្ធ AMR24 ដែលជាការអភិវឌ្ឈបន្តពីរថយន្ត F1 របស់ពួកគេកាលពីរដូវកាល២០២៣ ប៉ុន្តែការបន្ថែមនូវមុខងារបន្ថែមជាច្រើន បានធ្វើឱ្យ Aston Martin មានភាពវិជ្ជមានថា ការប្រកួតឆ្នាំនេះ ពួកគេនឹងទទួលបានលទ្ធផលល្អជាងមុន។
សម្រាប់ការដាក់បង្ហាញរថយន្ត F1 ថ្មីនេះដែរ Lance Stroll កីឡាករកាណាដា វ័យ២៥ឆ្នាំ ជាកីឡាករដំបូងគេ ដែលត្រូវបើកបរសាកល្បង នាទីលាន Silverstone ស្ថិតនាទីក្រុង Silverstone ប្រទេសអង់គ្លេស មុនពេលកីឡាករអេស្ប៉ាញ Fernando Alonso ជាអ្នកសាកល្បងលើកទី២។
នៅក្នុងការជិះលើចម្ងាយផ្លូវ ២០០គីឡូម៉ែត្រ រួចមក កីឡាករទាំង២រូប បានបង្ហាញពីការយល់ឃើញស្រដៀងថា វាជាការអភិវឌ្ឈនូវរថយន្ត F1 ដែល Aston Martin ធ្វើបានល្អបំផុត។
រដូវកាលមុន ក្រុម Aston Martin បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ នៅក្នុងការប្រកួតប្រជែងផ្នែកបច្ចេកទេសនៃការប្រកួត ខណៈ Red Bull Racing-Honda គឺជាក្រុម ដែលទទួលបានតំណែងជើងឯក។
សូមបញ្ជាក់ថា ការប្រកួតប្រណាំរថយន្ត F1 រដូវកាលថ្មី ២០២៤ នឹងចាប់ផ្តើមការប្រកួត ជាផ្លូវការនៅថ្ងៃទី ២ ខែមីនា ខាងមុខ ដោយមានទាំងអស់២៤ទីលាន ហើយទីលានដំបូងដែលត្រូវប្រកួតប្រជែង គឺជាទីលាន Bahrain Grand Prix ធ្វើឡើងនាទីក្រុង Sakhir ប្រទេសបារ៉ែន។
សម្រាប់កីឡាករ ដែលត្រូវប្រជែងការពារតំណែងជើងឯកពិភពលោករបស់ខ្លួន នៅក្នុងរដូវកាលនេះគឺ កីឡាករហូឡង់ Max Verstappen របស់ក្រុម Red Bull Racing-Honda ៕