×

ពេជ្រ សម្បត្តិ បង្ហាញក្ដីរំភើបសប្បាយចិត្តសម្រាប់ការប្រកួតលើកទីមួយនៅសង្វៀន CNC

ក្របីព្រៃ ពេជ្រ សម្បត្តិ បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំនៅក្នុងការបញ្ចេញឱ្យអស់ពីសមត្ថភាព សម្រាប់ការប្រកួតគូឯកដណ្ដើមប្រាក់លានខារ៉ាបាវ នាសង្វៀន CNC នាថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ។

កូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ មានទំនុចិត្តថានឹងដណ្ដើមបានជ័យជម្នះ អមជាមួយនឹងប្រាក់រង្វាន់ ១លានរៀល។ សម្រាប់សុខភាពវិញ សម្បត្តិ ថាមិនមានបញ្ហាអ្វីនោះទេ ទោះបីជាប្រកួតរៀងជាប់គ្នាបន្តិចក៏ដោយ។

សម្បត្តិ បានស្គាល់សមត្ថភាពរបស់ដៃគូប្រកួតរបស់ខ្លួនរួចហើយ គឺ កាំឡៃយុគ ដោយសារធ្លាប់ប្រកួតគ្នាម្ដង។ រូបគេបន្តថា ដៃគូប្រកួតនៅថ្ងៃសៅរ៍នេះ ជាកីឡាករលឿន ហើយឆ្លាត ខណៈអាវុធធ្ងន់របស់គាត់គឺដៃ និងចេញលឿន។

គួររំឭកថា កាលពីប្រកួតលើកមុន កីឡាកររហស្សនាមក្របីព្រៃ បានឈ្នះពិន្ទុ ដោយវាយអំបោះឆៅ។ ដូច្នេះ ការជួបគ្នានៅសង្វៀន CNC លើកនេះ គឺជាការសងសឹកមួយផងដែរ។

ការជួបគ្នារវាង ពេជ្រ សម្បត្តិ និង កាំឡៃយុគ ក្នុងប្រភេទ ៦០គីឡូក្រាមនេះគឺជាគូជាគូដណ្ដើមប្រាក់លានមួយ ខណៈគូដណ្ដើមប្រាក់លានមួយទៀត គឺរវាងកីឡាករ យ៉ន ពិសី ប្រកួតជាមួយ កីឡាករថៃ ដាំងកាន់វ៉ាន ភូហងថង លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម។

នៅមានគូពិសេសៗ៣ទៀត រួមមាន កីឡាករ ពេជ្រ ដំរីតូច ប្រកួតជាមួយ ភាព ចិន និងកីឡាករ ណន សុខលីម ប្រកួតជាមួយ ធន់ ស៊ីហាវ ក្នុងប្រភេទទម្ងន់ ៦០ និង ៥១ គីឡូក្រាម។ សម្រាប់ប្រភេទ ៦៣,៥គីឡូក្រាម គឺជាការជួបគ្នារវាង ប៉ុត សំរ៉ាច់ ជាមួយ ឡុង អាដា ។

ទស្សនាការប្រកួតដ៏ជក់ចិត្តនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅស្ទូឌីយោ CTN ឫស្សីកែវ ចាប់ពីម៉ោង ២រសៀលតទៅ ឬទស្សនាការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផេក CNC TV, CBS Sports និង Carabao Cambodia ។

សូមចូលរួមធ្វើជាសាក្សី នៃម្ចាស់ប្រាក់លានខារ៉ាបាវ ធានាកក្រើករញ្ជួយសង្វៀនរៀងរាល់សប្ដាហ៍។ចូលរួមទស្សនាដោយសេរី នៅស្ទូឌីយោ CTN ឫស្សីកែវ !

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង