តុលាការរបស់ប្រទេសហូឡង់ បានកាត់ទោសខ្សែប្រយុទ្ធ Quincy Promes ដែលកំពុងលេងឱ្យក្លិបរុស្ស៊ី Spartak Moscow ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយសាររូបគេបានជាប់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន។
អតីតសមាជិកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ Quincy Promes មិនបានចូលរួមសវនាការក្នុងទីក្រុង Amsterdam ហើយមិនត្រូវបានរំពឹងថានឹងត្រឡប់ទៅប្រទេសហូឡង់វិញនាពេលអនាគតនោះទេ។
រដ្ឋអាជ្ញាហូឡង់កាលពីខែមុន បានស្វែងរកការកាត់ទោសរយៈពេល៩ ឆ្នាំសម្រាប់កីឡាករ Quincy Promes ចំពោះការពាក់ព័ន្ធការរត់ពន្ធកូកាអ៊ីនទម្ងន់១៣៦០ គីឡូក្រាម តាមរយៈកំពង់ផែទីក្រុង Antwerp នៅប្រទេសបែលហ្ស៊ីកទៅកាន់ប្រទេសហូឡង់ ក្នុងការដឹកជញ្ជូនចំនួន ២ដង កាលពីឆ្នាំ ២០២០។
តុលាការបាននិយាយថា ការស៊ើបអង្កេតបានចង្អុលបង្ហាញពី Promes បានជាប់ពាក់ព័ន្ធដោយផ្ទាល់ការដឹកជញ្ជូនគ្រឿងញៀន ដែលលាក់នៅក្នុងការដឹកជញ្ជូនអំបិលពីប្រទេសប្រេស៊ីល និងការដឹកជញ្ជូនបន្តទៀតរបស់ពួកគេពីកំពង់ផែ។
ទោះយ៉ាងណា មេធាវីរបស់ Quincy Promes បានប្រាប់កាសែតហូឡង់ AD Promes ថា កីឡាករនឹងប្តឹងឧទ្ធរណ៍ចំពោះការកាត់ទោសនេះ ខណៈដែលរូបគេបានបដិសេធការចោទប្រកាន់ពីបទនាំចូល នាំចេញ ដឹកជញ្ជូន និងកាន់កាប់គ្រឿងញៀន។
នៅក្នុងសំណុំរឿងមួយទៀតរបស់តុលាការប្រទេសហូឡង់ អតីតខ្សែប្រយុទ្ធរបស់ក្លិប Ajax Amsterdam និង Sevilla វ័យ ៣២ ឆ្នាំរូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១៨ ខែពីបទប្រើប្រាស់អំពើហិង្សានៅឆ្នាំ ២០២០ ដែលគេបានចាក់បងប្អូនជីដូនមួយឱ្យរងរបួសនៅជង្គង់។ រឿងរ៉ាវនៅពេលនោះ Quincy Promes ក៏បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការកាត់ទោសផងដែរ៕