កីឡាករអេត្យូពី Deresa Geleta បានទទួលជ័យជម្នះនៅក្នុងការប្រកួតរត់ម៉ារ៉ាតុនកម្មវិធី Seville Marathon 2024 ដែលធ្វើឡើងនាទីក្រុង Seville ប្រទេសអេស្ប៉ាញ។
ក្នុងការប្រកួតដែលមានអ្នកចូលរួមប្រមាណ ១ម៉ឺន ២ពាន់នាក់នោះ កីឡាករ Deresa Geleta បានព្យាយាមប្រើប្រាស់សមត្ថភាពរបស់ខ្លួន ដើម្បីរត់ប្រជែងនាំមុខគេ លើចម្ងាយផ្លូវ 42.195 គីឡូម៉ែត្រ រហូតអាចមកដល់គោលដៅប្រើពេលអស់តែ ២ម៉ោង ៣នាទី និង ២៦វិនាទី។ កីឡាករបារាំង Morhad Amdouni មកដល់ក្នុងចំណាត់ថ្នាក់លេខ២ ប្រើពេលអស់ ២ម៉ោង ៣នាទី ៤៦វិនាទី ហើយកីឡាករអ៊ីស្រាអែល Gashau Ayale មកដល់ក្នុងចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ៤នាទី ៥២វិនាទី។
ងាកកាន់ផ្នែកនារីរិញ ជ័យជម្នះក៏បានទៅលើជនជាតិអេត្យូពីដែរ នោះគឺកីឡាការិនី Azmera Gebru ដោយប្រើពេលអស់ ២ម៉ោង ២២នាទី និង១៣វិនាទី ខណៈ លេខ២បានទៅលើកីឡាការិនីកេនយ៉ា Josephine Chepkoech ប្រើពេលអស់ ២ម៉ោង ២២នាទី និង៣៨វិនាទី ហើយកីឡាការកេនយ៉ា Magdalyne Masai បានចំណាត់ថ្នាក់លេខ៣ ប្រើពេលអស់ ២ម៉ោង ២២នាទី និង៥១វិនាទី។
សូមបញ្ជាក់ថា ការប្រកួតរត់ម៉ារ៉ាតុនកម្មវិធី Seville Marathon បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ ១៩៨៥ មក ដោយក្នុងនោះថវិកាដែលទទួលបានពីការប្រកួតនឹងត្រូវផ្តល់ទៅកាន់មូលនិធីមនុស្សធម៌របស់ប្រទេសអេស្ប៉ាញ៕