ក្រុមជម្រើសជាតិកូរ៉េខាងត្បូងបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Jurgen Klinsmann ក្រោយដឹកនាំក្រុមធ្លាក់ចេញពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបរាជ័យក្នុងការគ្រប់គ្រងស្ថានភាពផ្ទៃក្នុងរបស់សមាជិកក្រុម។
លោក Chung Mong-gyu ប្រធានសមាគមបាល់ទាត់កូរ៉េខាងត្បូង KFA បានប្រកាសពីការសម្រេចចិត្តបញ្ចប់តំណែងរបស់លោក Klinsmann នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំថ្នាក់ដឹកនាំកំពូលរបស់សមាគមដែលធ្វើឡើងមិនដល់រយៈពេល ២៤ម៉ោងផងនោះ។
ដឹកនាំក្រុមបានតែមួយឆ្នាំ ពេលនេះលោក Klinsmann ត្រូវបាត់បង់ការងារកំពូល ការសម្រេចចិត្តនេះ ត្រូវបានប្រធានសមាគម KFA បញ្ជាក់ថា ជាការធ្វើតាមអនុសាសន៍ ណែនាំដោយគណៈកម្មាធិការជាតិរបស់ KFA ក្រោមហេតុផលថា បុរសវ័យ ៥៩ឆ្នាំ មិនបានបំពេញមុខងារជាគ្រូបង្វឹកតាមអ្វីដែលខ្លួនបានសន្យា ព្រមទាំងរឿងហេតុផ្សេងៗកើតមានក្នុងក្រុមកន្លងមក។
ក្នុងព្រឹត្តិការណ៍ Asian Cup 2023 កូរ៉េខាងត្បូង របូតឱកាសសម្រេចក្តីស្រមៃប្រជែងពាន ក្រោយទន្ទឹងរង់ចាំ ៦៤ឆ្នាំ ដោយត្រូវបានហ្សកដានី ទម្លាក់ចេញត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០។
ហេតុផលសំខាន់មួយទៀតដែលធ្វើឱ្យក្រុមប្រកួតចាញ់ ព្រោះតែមុនការប្រកួតមកដល់ក្រុមកីឡាករវ័យក្មេងក្នុងក្រុមដែលរួមមាន Lee Kang-in បានមានជម្លោះជាមួយកីឡាករវ័យចំណាស់ក្នុងក្រុមទៅលើបញ្ហាការលេងវាយកូនឃ្លីលើតុ បណ្តាលឱ្យប្រធានក្រុម Heung Min Son របួសម្រាមដៃ។
ពេលប្រកួតទល់ហ្សក់ដានី ប្រព័ន្ធលេងរបស់កូរ៉េខាងត្បូង ហាក់លែងមានប្រសិទ្ធិភាពស្របពេលដែលកីឡាករមានស្មារតីមិនល្អប្រសើរបន្ទាប់ពីមានទំនាស់៕