×

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតអូឡាំពិកឆ្នាំ២០២៤

អ្នកប្រដាល់ហ្វីលីពីន Manny Pacquiao បានបង្ហាញការខកចិត្ត បន្ទាប់ពីក្តីសុបិនទៅចូលរួមប្រជែងមេដាយនៅអូឡាំពិកក្រុងប៉ារីស ត្រូវបានបាត់បង់ទៅវិញ ដោយសារគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បដិសេធ។

IOC បានច្រានចោលសំណើពិសេសមួយរបស់គណៈកម្មាធិការអូឡាំពិកហ្វីលីពីន POC ដើម្បីឱ្យ Manny Pacquiao បានបង្ហាញខ្លួននៅអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤។ ការបដិសេធរបស់ IOC គឺដោយយោងទៅតាមមាត្រាដែលបានចែងគឺ កីឡាករប្រដាល់អូឡាំពិកអាចចូលរួមការប្រកួតបាន គឺមានកំណត់អាយុច្រើនបំផុតត្រឹម ៤០ឆ្នាំប៉ុណ្ណោះ ខណៈ Manny Pacquiao មាន វ័យ ៤៥ ឆ្នាំ លើសច្បាប់កំណត់ដល់ទៅ៥ឆ្នាំទៅហើយ។

ប្រធាន POC លោក Abraham Tolentino កាលពីឆ្នាំ ២០២៣ បានស្នើសុំ IOC សម្រាប់កៅអីឱ្យ Pacquiao ទៅអូឡាំពិកឆ្នា២០២៤ ខណៈកីឡាករប្រដាល់ និងជាអ្នកនយោបាយហ្វីលីពីនរូបនេះ មិនធ្លាប់មានវត្តមានម្តងសោះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក។

អតីតម្ចាស់ខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន Pacquiao ដែលបានព្យួរស្រោមដៃពីអាជីពប្រដាល់នៅឆ្នាំ ២០២១ មុនការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន បង្ហាញការសោកស្តាយ ប៉ុន្តែរូបគេគោរពការសម្រេចចិត្តរបស់ IOC ដែលមានដែនកំណត់ត្រឹមអាយុ ៤០ សម្រាប់អ្នកប្រដាល់អូឡាំពិក។

ទាក់ទិននឹងរឿងនេះ Pacquiao បានលើកឡើងថា៖ “ខ្ញុំមានអារម្មណ៍សោកសៅ និងខកចិត្តយ៉ាងខ្លាំង ដែលអស់ឱកាសទៅអូឡាំពិក។ ប៉ុន្តែ ខ្ញុំយល់ និងទទួលយកច្បាប់កំណត់អាយុរបស់ស្ថាប័នកីឡាពិភពលោកមួយនេះ។”

ទោះមិនបានចូលរួម ប៉ុន្តែ Manny Pacquiao នឹងបន្តគាំទ្រ និងលើកទឹកចិត្តអត្តពលិកហ្វីលីពីនដែលចូលរួមប្រកួតកីឡាអូឡាំពិកលើកទី៣៣ ដែលនឹងធ្វើឡើងនាទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពី ថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង