×

Napoli ប្តូរគ្រូបង្វឹក មុនជំនួបទល់នឹង Barcelona នៅ UEFA Champions League

SSC Napoli បានបណ្តេញគ្រូបង្វឹកលោក Walter Mazzarri មុនពេលជំនួប ពានរង្វាន់ UEFA Champions League ទល់នឹងក្រុម Barcelona ចូលមកដល់។

Napoli បានទទួលលទ្ធផលស្មើ ១-១ ក្នុងទឹកដីទល់នឹងក្រុម Genoa ក្នុងក្របខណ្ឌ Serie A បាននាំអោយឈានដល់ការបញ្ចប់តំណែងរបស់លោក Mazzarri ដែលជាបុរសបានចូលកាន់តំណែងជំនួសលោក Rudi Garcia តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។

មូលហេតុឈានដល់ការបញ្ចប់តំណែងនេះដែរ ព្រោះបុរសវ័យ ៦៧ឆ្នាំ ដឹកនាំក្រុមធ្វើមិនបានល្អខ្លាំងដោយការប្រកួត១៧លើកចុងក្រោយ រកបានជ័យជំនះត្រឹមតែ៦ប្រកួត ប៉ុណ្ណោះ។

លទ្ធផលដ៏អាក្រក់ក្រោយពេលក្រុមគ្រងជើងឯកលីគកំពូលអ៊ីតាលីរដូវកាលមុនរួចមក បានបង្ខំចិត្តប្រធានក្លិប លោក Aurelio De Laurentiis សម្រេចបញ្ចប់តំណែងគ្រូបង្វឹកមុនពេលការប្រកួតទល់ Barcelona ចូលមកដល់ ។

ក្រោយការចាកចេញរបស់លោក Walte Mazzarri ក្រុមជើងឯកលីគកំពូលអ៊ីតាលី បានប្រកាសថាគ្រូបង្វឹកក្រុមជម្រើសជាតិស្លូវ៉ាគី លោក Francesco Calzona នឹងចូលកាន់តំណែងជំនួសលោក Mazzarri រហូតដល់ចប់រដូវកាល ២០២៣-២៤។

ទោះបីត្រូវកាន់តំណែងជាគ្រូបង្វឹកបណ្តោះអាសន្ន នៅ Napoli ប៉ុន្តែលោក Calzona វ័យ ៥៥ឆ្នាំ នឹងនៅតែបន្តកាន់កាប់តំណែងរបស់ក្រុមជម្រើសជាតិស្លូវ៉ាគី ដដែល ហើយលោកក៏នឹងត្រូវដឹកនាំក្រុមស្លូវ៉ាគី ប្រកួតប្រជែងក្នុងពានរង្វាន់ UEFA Euro 2024 នាប្រទេសអាល្លឺម៉ង់ផងដែរ។

សូមបញ្ជាក់ថា SSC Napoli នឹងត្រូវបើកទ្វារកីឡដ្ឋាន Diego Armando Maradona ដើម្បីស្វាគមន៍ក្រុម Barcelona ក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ដែលនឹងធ្វើឡើងនាយប់នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង