×

Lionel Messi ព្យាយាមសូមទោសអ្នកគាំទ្រក្រោយអវត្តមានការប្រកួតនៅហុងកុង

ខ្សែប្រយុទ្ធ Lionel Messi បានព្យាយាមធ្វើការបកស្រាយតាមរយៈវីដេអូនៅលើបណ្ដាញសង្គម ជុំវិញការមិនចូលលេងប្រកួតមិត្តភាពរបស់ក្រុម Inter Miami នៅហុងកុង ខណៈកីឡាករវ័យ៣៦ឆ្នាំ បន្តប្រឈមមុខនឹងការខឹងសម្បារពីអ្នកគាំទ្រចិនលើបញ្ហានេះ។

Messi មិនបានចូលលេងប្រកួតមិត្តភាពរបស់ Inter Miami ទល់នឹងក្រុម Hong Kong League XI កាលពីថ្ងៃទី៤ខែកុម្ភៈ ក្រោមហេតុផលរបួស ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើន នៅកីឡដ្ឋានទីក្រុងហុងកុងផ្ទុះការខឹងសម្បារយ៉ាងខ្លាំង។ មិនបានចូលលេងការប្រកួតនៅហុងកុង ស្រាប់តែ៣ថ្ងៃក្រោយមក Messi បានចូលលេងប្រកួតមិត្តភាពទល់នឹងក្រុម Vissel Kobe នៅជប៉ុន ដែលបានបង្កការខឹងសម្បារបន្ថែមទៀតដល់អ្នកគាំទ្រនៅហុងកុង និងនៅក្នុងប្រទេសចិន។

បញ្ហារបស់ Messi នៅហុងកុង បានធ្វើឱ្យអាជ្ញាធរបាល់ទាត់ចិន សម្រេចលុបចោលការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនចំនួន២ប្រកួត ដែលនឹងធ្វើឡើងនៅក្នុងប្រទេសចិន ដោយពួកគេត្រូវជួបនីហ្សេរីយ៉ា នាទីក្រុងហាំងចូវ និងកូតឌីវ័រ នាទីក្រុងប៉េកាំង ខែក្រោយ។ ក្នុងនោះដែរ ប្រព័ន្ធផ្សព្វផ្សាយ ចិនបានចោទ Messi និងក្លិប Inter Miami ថា ពាក់ព័ន្ធនឹងហេតុផលនយោបាយក្នុងបំណងធ្វើឱ្យអាម៉ាសដល់ប្រទេសចិន។

យ៉ាងណាមិញ នៅក្នុងវីដេអូមួយលើបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ Messi បានច្រានចោលការចោទប្រកាន់ថា រូបគេមិនចូលការលេងប្រកួតនៅហុងកុង ព្រោះរឿងនយោបាយ ជារឿងមិនពិត ដោយគេស្រឡាញ់ប្រជាជនចិន និងថា ប្រសិនបើមានរឿងនោះមែន រូបគេនឹងមិនធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ឬប្រទេសចិនជាច្រើនលើកច្រើនសានោះទេ។ ការមិនអាចលេងនៅហុងកុង ព្រោះបញ្ហារលាកសាច់ដុំភ្លៅខាងក្នុង ហើយគេព្យាយាមព្យាបាល ក៏ប៉ុន្តែគ្រូពេទ្យបញ្ជាក់ថា គេមិនអាចលេងបានទេ ព្រោះអាចប្រឈមហានិភ័យអាក្រក់។

សូមបញ្ជាក់ថា អ្នកគាំទ្រប្រមាណ ៣៨,០០០នាក់ នៅកីឡដ្ឋានហុងកុងបានស្រែកចំអក និងទារលុយថ្លៃសំបុត្រវិញ នៅពេលដែលសហម្ចាស់ក្លិប Inter Miami លោក David Beckham ថ្លែងទៅកាន់ពួកគេនៅចប់ការប្រកួត ខណៈដែលអ្នកគាំទ្របានចំណាយប្រាក់រហូតដល់ ៦២៤ដុល្លារអាមេរិក ដើម្បីមើលការប្រកួត Messi ។ ចំណែកឯ ក្រុមហ៊ុន Tatler Asia ដែលជាអ្នករៀបចំការប្រកួត បានសន្យាថា នឹងសងប្រាក់ ៥០ភាគរយ ទៅកាន់អ្នកគាំទ្រវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង