×

Real Madrid មានសុទិដ្ឋិនិយមក្នុងការទទួលបានលទ្ធផលល្អលើដំណើរការផ្ទេរយក Kylian Mbappe

Real Madrid កំពុងស្ថិតក្នុងការជជែងគ្នាជាមួយនឹងខ្សែប្រយុទ្ធ Kylian Mbappe ចំពោះលទ្ធភាពចុះកិច្ចសន្យាដោយគ្មានតម្លៃខ្លួននៅទីផ្សារដោះដូរដើមរដូវកាលក្រោយ។ ក្លិបនៅលីគកំពូលអេស្ប៉ាញ មានសុទិដ្ឋិនិយមថានឹងទទួលបានផ្លែផ្កាក្នុងពេលដ៏ឆាប់។

កាលពីសប្តាហ៍មុន មានរបាយការណ៍ចុះផ្សាយថា កីឡាករវ័យ ២៥ឆ្នាំ បានប្រាប់ក្លិប Paris Saint Germain ដែលកំពុងស្ថិតនៅកំពូលតារាងលីគកំពូលបារាំងថា រូបគេនឹងចាកចេញដោយគ្មានតម្លៃខ្លួន ក្រោយបញ្ចប់រដូវកាល ២០២៣-២៤។

Real Madrid ត្រូវបានដឹងថាជាបេក្ខភាពតែមួយគត់ដែលនឹងអាចនាំយក Mbappe ទៅចូលរួមបាន ហើយពួកគេក៏បានផ្ញើសំណើរួចរាល់លើការផ្ទេរទៅកាន់ Paris Saint Germain កាលពីខែមករា ។ យ៉ាងណាក្លិប Paris Saint Germain នៅតែព្យាយាមបញ្ចុះបញ្ចូលឱ្យ Mbappe បន្តស្នាក់នៅ ខណៈក្រុមកំពុងធ្វើបានល្អក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis Enrique។

ប្រព័ន្ធផ្សព្វផ្សាយនៅអេស្ប៉ាញឱ្យដឹងថា Real Madrid កំពុងមានក្តីសង្ឃឹមខ្ពស់ក្នុងការបញ្ចប់កិច្ចព្រមព្រៀងក្នុងពេលដ៏ឆាប់ខាងមុខ ប៉ុន្តែមិនទាន់បានចុះកុងត្រានៅឡើយទេ។

ទំនាក់ទំនងរវាង Mbappe និង Real Madrid បានកើតឡើងរយៈពេលជិត ៣ឆ្នាំ រួចមកហើយ ដោយរូបគេគឺជាគោលដៅផ្ទេរធំបំផុតរបស់ក្លិបអេស្ប៉ាញ ចាប់តាំងពីឆ្នាំ ២០២១ មក។ កាលពីឆ្នាំ ២០២២ Real Madrid ហៀបនឹងយកបាន Mbappe ម្តងរួចទៅហើយ ប៉ុន្តែព្រោះតែការបញ្ចុះបញ្ចូលពីក្លិប Paris Saint Germain ធ្វើឱ្យរូបគេផ្លាស់ប្តូរចិត្តបន្តស្នាក់នៅទឹកដីបារាំង។

បច្ចុប្បន្ន Mbappe កំពុងតែបង្ហាញទម្រង់លេងល្អខ្លាំងឡើងវិញស្ថិតជាមួយ Paris Saint Germain ខណៈការប្រកួតក្របខណ្ឌ Ligue 1 ចុងសប្តាហ៍កន្លងទៅ រូបគេជួយដល់ក្រុមឈ្នះ ២-០ លើក្រុម Nantes។ បើទោះជាមានរឿងរ៉ាវច្រើនលើបញ្ហាអនាគត ប៉ុន្តែ Mbappe ស៊ុតបាល់បញ្ចូលទី ៣៦គ្រាប់រាល់ពានរង្វាន់ដែលក្លិប Paris Saint Germain បានលេងគិតមកដល់ពេលនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង