×

Marseille បណ្តេញគ្រូបង្វឹកលោក Gennaro Gattuso ក្រោយដឹកនាំបានតែ៥ខែ

ក្លិប Olympique de Marseille បានបណ្ដេញគ្រូបង្វឹកលោក Gennaro Gattuso បន្ទាប់ពីមានបញ្ហាធ្លាក់ទម្រង់លេង និងបានតែងតាំងអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូតឌីវ័រលោក Jean-Louis Gasset មកជាគ្រូបង្វឹកថ្មី។

លោក Gattuso វ័យ ៤៦ ឆ្នាំដែលធ្លាប់ដឹកនាំក្លិបធំៗដូចជា Valencia, Napoli និង AC Milan ត្រូវបាន Marseille ជ្រើសតាំងមកជាគ្រូបង្វឹករបស់ខ្លួន ជំនួសលោក Marcelino García Toral កាលពីចុងខែកញ្ញាឆ្នាំមុន។ ទាក់ទិននឹងកិច្ចសន្យារបស់លោក Gasset ខាងក្លិប Marseille មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។

Marseille ឈរនៅលេខរៀងទី៩ ក្នុងតារាងពិន្ទុក្របខណ្ឌ Ligue 1 បន្ទាប់ពីការប្រកួត ៥ លើកចុងក្រោយ មិនអាចរកបានជ័យជម្នះសោះ ដោយចាញ់២ ស្មើ៣។ ពួកគេមាន ៣០ ពិន្ទុ ក្រោយលេងបាន២២ ប្រកួតនៅក្នុងក្របខណ្ឌ Ligue 1 ។

ជុំវិញរឿងវ៉ាវផ្លាស់ប្តូរគ្រូបង្វឹកនេះដែរ ក្លិប Marseille បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “Olympique de Marseille ប្រកាសពីការបញ្ចប់កិច្ចសហការរបស់ខ្លួនជាមួយលោក Gennaro Gattuso ។ ក្លិបសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Gennaro សម្រាប់ការលះបង់របស់លោក និងជូនពរឱ្យលោក Gennaro ទទួលបានជោគជ័យនៅពេលខាងមុខ។”

សម្រាប់គ្រូបង្វឹក Marseille ថ្មី លោក Jean-Louis Gasset វ័យ ៧០ ឆ្នាំ ទើបតែត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងក្រុមជម្រើសជាតិកូតឌីវ័រ ក្រោយពីក្រុមធ្លាក់ទម្រង់លេងនៅពានរង្វាន់ Africa Cup of Nations ប៉ុន្តែក្រោយតែងតាំងជំនួយការគ្រូបង្វឹក លោក Emerse Faé មកជាគ្រូបង្វឹកថ្មីរួច ក្រុមម្ចាស់ផ្ទះកូតឌីវ័រ បានជម្នះភាពលំបាករហូតដណ្តើមតំណែងជើងឯកមកវិញយ៉ាងអស្ចារ្យ។

ចំពោះការទទួលបានតំណែងនៅ Marseille លោក Gasset បានបង្ហាញពីភាពរីករាយរបស់ខ្លួនថា៖ “វាជាកិត្តិយសដ៏ធំមួយសម្រាប់ខ្ញុំដែលបានចូលរួមជាមួយក្លឹបដ៏ល្បីល្បាញ Olympique de Marseille។ ខ្ញុំសឹងមិនអាចរង់ចាំក្នុងការចាប់ផ្តើមធ្វើការជាមួយក្រុម ដើម្បីរៀបចំខ្លួនទៅកាន់ការប្រកួតនាពេលខាងមុខ និងផ្តល់ឱ្យក្រុមនូវអ្វីដែលល្អបំផុត។”

ការប្រកួតជាបន្ត Marseille នឹងត្រូវស្វាគមន៍ក្រុមអ៊ុយក្រែន Shakhtar Donetsk ក្នុងការប្រកួតជើងទី២ វគ្គ Play-Off ពានរង្វាន់ UEFA Europa League នៅយប់ថ្ងៃព្រហស្បតិ៍នេះ មុនបន្តជួបក្រុម Montpellier នៅក្របខណ្ឌ Ligue 1 វិញនៅថ្ងៃអាទិត្យខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង