សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង KFA បានបញ្ជាក់ថា លោក Jurgen Klinsmann ទទួលបានសំណងប្រហែល ៧,៥ លានដុល្លារ ក្រោយត្រូវបានបញ្ចប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងរួចមក។
KFA បានប្រកាសជាផ្លូវការ ដោយបញ្ចប់តំណែងគ្រូបង្វឹករបស់លោក Klinsmann កាលពីសប្តាហ៍មុន បន្ទាប់ពីបុរសសញ្ជាតិអាល្លឺម៉ង់ ដឹកនាំក្រុមកូរ៉េខាងត្បូងធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Asian Cup។
លោក Klinsmann ត្រូវបញ្ចប់តំណែងមុនកាលកំណត់ ខណៈសុពលភាពរហូតដល់ចុងបញ្ចប់ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២៦។
ដោយសារកិច្ចសន្យាត្រូវបញ្ចប់មុនកាលកំណត់ ដូច្នេះ KFA បានយល់ព្រមបង់ប្រាក់សំណង ដល់បុរសវ័យ៥៩ឆ្នាំ និងក្រុមគ្រូបង្វឹក ចំនួន ១០ពាន់លានវ៉ុន ឬប្រហែល ៧,៥ លានដុល្លារ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថា KFA អះអាងថាខ្លួនបង្ខំចិត្តបញ្ចប់តំណែងលោក Klinsmann ដែលដឹកនាំមិនទាន់បាន១ឆ្នាំផងនោះ ដោយសារខ្លួនខកចិត្តខ្លាំងនៅ AFC Asian Cup ឆ្នាំ២០២៣។
ទោះបីជាមានកីឡាករពោរពេញដោយគុណភាព នៅក្នុងក្រុមក៏ដោយ ប៉ុន្តែលោក Klinsmann មិនអាចនាំកូរ៉េខាងត្បូង ឈានទៅវគ្គផ្តាច់ព្រ័ត្រ ឬ លើកពាន Asian Cup ក្រោយចាញ់ ហ្ស៊កដានី ២-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដោយឡែក សហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង KFA មិនទាន់បង្ហាញតម្រុយណាមួយឡើយ ពាក់ព័ន្ធនឹងបេក្ខភាពជំនួសតំណែងលោក Klinsmann នៅឡើយទេ៕