Bayern Munich បាននិយាយកាលពីពេលថ្មីៗនេះថា ពួកគេនឹងបញ្ចប់កិច្ចសហការរបស់ពួកគេជាមួយគ្រូបង្វឹក Thomas Tuchel នៅចុងបញ្ចប់នៃរដូវកាលនេះ បើទោះបីជាកិច្ចសន្យាដល់ឆ្នាំ ២០២៥ ក៏ដោយ។
ក្រោមការដឹកនាំរបស់លោក Tuchel មួយរយៈចុងក្រោយ Bayern Munich បង្ហាញទម្រង់លេងមិនសូវល្អនោះទេ។ ជាក់ស្តែង ក្រុមជើងឯកលីគកំពូលអាល្លឺម៉ង់មួយនេះ បានចាញ់បីប្រកួតចុងក្រោយរបស់ពួកគេគ្រប់កម្មវិធី ដោយបានឈរលេខ២ និងបន្ថែមគន្លាត៨ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen នាក្របខណ្ឌ Bundesliga ។
ទន្ទឹមនឹងនេះ កាលពីសប្តាហ៍មុន ពួកគេក៏ត្រូវបានក្រុមអ៊ីតាលី Lazio យកឈ្នះក្នុងលទ្ធផល ១-០ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ផងដែរ។
ទាក់ទិននឹងរឿងនេះ នាយកប្រតិបត្តិ Bayern Munich លោក Jan-Christian Dreesen បាននិយាយថា៖ “គោលដៅរបស់យើងគឺចាប់ផ្ដើមទិសដៅបាល់ទាត់ថ្មី ជាមួយនឹងគ្រូបង្គោលថ្មីចាប់ពីរដូវកាល២០២៤-២៥។”
រីឯលោក Thomas Tuchel បាននិយាយថា៖ “ពួកយើងបានព្រមព្រៀងគ្នានៅក្នុងការបញ្ចប់ទំនាក់ទំនងការងារនៅក្នុងរដូវកាលនេះ។”
សូមបញ្ជាក់ថា លោក Thomas Tuchel បានចូលកាន់តំណែងជាគ្រូបង្វឹក Bayern Munich កាលពីខែមីនា ឆ្នាំ ២០២៣ បន្តតំណែងពីលោក Julian Nagelsmann។ ទោះបីជាលោក Tuchel បានដឹកនាំក្រុមឱ្យឈ្នះពានរង្វាន់ Bundesliga កាលពីរដូវកាលមុននៅថ្ងៃប្រកួតចុងក្រោយក៏ដោយ ក៏ពួកគេមិនបានបង្ហាញទម្រង់លេងល្អទេក្នុងរដូវកាលនេះទេ ដែលជារឿងមិនអាចទទួលយកបានសម្រាប់ក្រុមដែលឈានមុខគេក្នុងវិស័យកីឡាបាល់ទាត់អាល្លឺម៉ង់ អស់រយៈពេលមួយទសវត្សកន្លងមក៕