×

ប្រធានសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូងរងការស៊ើបអង្កេតករណីហ៊ានជួលគ្រូ Klinsmann ក្នុងតម្លៃថ្លៃ

ប្រធានសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង KFA លោក Chung Mong-Gyu ត្រូវបានប៉ូលីសកូរ៉េខាងត្បូងបើកការស៊ើបអង្កេត ជុំវិញការជួលគ្រូបង្វឹកលោក Jurgen Klinsmann ដោយខ្លួនឯង ដែលមានតម្លៃឈ្លួនថ្លៃ ហួសពីសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិ។

ប៉ូលីសកូរ៉េខាងត្បូងអាចចោទលោក Chung ពីបទធ្វើអាជីវកម្មលើការតែងតាំងគ្រូសញ្ជាតិអាល្លឺម៉ង់លោក Klinsmann ជាគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយខ្លួនឯង។

មុនការស៊ើបអង្កេតនេះ គណៈកម្មាធិការសុខុមាលភាពសាធារណៈ PWC របស់កូរ៉េខាងត្បូង បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងប្រធាន KFA ម្តងរួចមកហើយ។ PWC បានចោទប្រកាន់លោក Chung ពីបទជ្រៀតជ្រែកក្នុងការងាររបស់មន្ត្រី KFA ដោយបង្ខំពួកគេយល់ព្រមឱ្យលោក Klinsmann ជាគ្រូបង្វឹកថ្មីរបស់កូរ៉េខាងត្បូង។

ការបង្ហាញខ្លួនមិនបានល្អរបស់ក្រុមកូរ៉េខាងត្បូង ដោយធ្លាក់ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Asian Cup ក្រោមថ្វីជើងហ្សកដានី ក្រោមការដឹកនាំរបស់លោក Klinsmann ក៏បណ្តាលឱ្យមានការរិះគន់យ៉ាងខ្លាំងលើលោកប្រធាន KFA ផងដែរ។

ក្រោយរងការរិះគន់ ចំពោះការដឹកនាំមិនបានល្អ និងមានការប៉ះទង្គិចគ្នារវាងប្រធានក្រុម Son Heung-Min និង Lee Kang-In ស្ថាប័ន KFA ក៏បានបញ្ចប់តំណែងលោក Klinsmann ភ្លាមៗ បន្ទាប់ពីមានកិច្ចប្រជុំមួយរបស់មន្ត្រីសហព័ន្ធ។

បញ្ចប់តំណែងមុនកិច្ចសន្យា KFA បានបង់សំណងទៅ Klinsmann ដល់ទៅ៧,៥លានដុល្លារថែមទៀត។ នេះក៏បានរងការរិះគន់ពីអ្នកគាំទ្រកូរ៉េខាងត្បូងជាថ្មីទៀត មានការចោទសួរថា ហេតុអ្វីបានជាលោក Chung និង KFA ហ៊ានផ្តល់ប្រាក់ឈ្នួលខ្ពស់ទៅលោក Klinsmann ហើយ មូលហេតុនេះ ទើបធ្វើឱ្យមានការស៊ើបអង្កេតកើតឡើង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង