×

លោក Carlo Ancelotti ថា Luka Modric ជាអ្នកត្រូវសម្រេចពីអនាគតដោយខ្លួនឯង

លោក Carlo Anelotti គ្រូបង្វឹក Real Madrid បានបង្ហាញការអះអាងថា ខ្សែបម្រើ Luka Modric នឹងត្រូវធ្វើការសម្រេចចិត្តចុងក្រោយជុំវិញអនាគតរបស់ខ្លួន នៅក្លិប។

មានការរំពឹងទុកជាច្រើនជុំវិញអនាគតរបស់កីឡាករវ័យ ៣៨ឆ្នាំ នៅឯកីឡដ្ឋាន Santiago Bernabeu ជាពិសេសនៅពេលដែលកិច្ចសន្យាបច្ចុប្បន្នរបស់គេ នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ។

កន្លងទៅ មានការរាយការណ៍ថា Luka Modric បានច្រានចោលឱកាសក្នុងការចូលរួមជាមួយក្រុមបុគ្គលិកគ្រូបង្វឹករបស់លោក Carlo Ancelotti ដោយនឹងជ្រើសរើសយកការចាកចេញពីកីឡដ្ឋាន Bernabeu ជំនួសវិញ នៅរដូវក្តៅខាងមុខ។

យ៉ាងណាក៏ដោយ Modric ហាក់នៅតែបន្តបង្ហាញពីការរួមចំណែកដ៏សំខាន់របស់ខ្លួន សម្រាប់ក្លិបនៅរដូវកាលនេះ ជាពិសេសក្នុងការទទួលជ័យជម្នះទៅលើក្រុម Sevilla ក្នុងលទ្ធផល ១–០ កាលពីពេលថ្មីៗនេះ។

ជុំវិញរឿងរ៉ាវរបស់ Luka Modric លោក Ancelotti បាននិយាយអំពីគុណសម្បត្តិរបស់កីឡាករក្រូអាត និងថែមទាំងបានផ្តល់នូវព័ត៌មានថ្មីៗ ជុំវិញស្ថានភាពកិច្ចសន្យារបស់គេជាមួយក្លិបនាពេលបច្ចុប្បន្ននេះផងដែរ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីបាននិយាយថា៖ “វានឹងស្ថិតនៅក្នុងការពិចារណារបស់ Luka Modric ដោយខ្លួនឯង។ អ្វីក៏ដោយដែលគេចង់ធ្វើ យើងនឹងរង់ចាំគេធ្វើការសម្រេចចិត្ត។ ដោយការគោរព ខ្ញុំមិនអាចផ្តល់ដំបូន្មានណាមួយដល់គេបានទេ។ Modric ជាកីឡាករវ័យឆ្លាត គេដឹងពីអ្វីដែលត្រូវធ្វើ ខ្ញុំមិនអាចចូលទៅនិយាយអ្វី អោយនរណាម្នាក់ធ្វើតាមខ្ញុំបាននោះឡើយ។”

ដោយឡែក ក៏មានការរាយការណ៍ថា Luka Modric បានច្រានចោលសំណើផ្តល់ជូនធំៗជាច្រើនពីសំណាក់ក្លិបនៅក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលពីរដូវក្តៅមុន ដើម្បីបន្តស្នាក់នៅជាមួយ Real Madrid ដែលជាក្លិបគេបានផ្ទេរមកតាំងពីខែសីហា ឆ្នាំ២០១២ ហើយបានក្លាយជាវីរបុរសនៅកីឡដ្ឋាន Bernabeu ដោយឈ្នះពានរង្វាន់ធំៗសរុបចំនួន២៣ គ្រឿងឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង