×

អាហ្សង់ទីន ប្តូរការប្រកួតទៅទឹកដីអាមេរិកវិញ ក្រោយចិនលុបជំនួបមិត្តភាពដោយសារ Lionel Messi

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងមាន២ប្រកួតនៅទឹកដីអាមេរិក នាខែមីនា បន្ទាប់ពីអាជ្ញាធរកីឡាចិន លុបចោលការប្រកួតមិត្តភាពរបស់ក្រុមម្ចាស់ជើងឯក FIFA World Cup ឆ្នាំ២០២២ នៅទឹកដីខ្លួនដោយសារខ្សែប្រយុទ្ធ Lionel Messi ។

ចិន បានលុបចោលជំនួបមិត្តភាពទល់នឹងអាហ្សង់ទីន ក្រោយពេលមានប្រតិកម្មប្រឆាំងនឹងការខកខានរបស់ Lionel Messi ក្នុងក្រុម Inter Miami នាជំនួបទល់នឹងក្រុមហុងកុង នៅទីក្រុងហុងកុង។

សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន AFA បានអះអាងថា ក្រុមដែលដឹកនាំដោយគ្រូបង្វឹកលោក Lionel Scaloni នឹងត្រូវប្តូរទៅលេងនៅទឹកដីអាមេរិកវិញ ដោយជួបជម្រើសជាតិ អែលសាល់វ៉ាឌ័រ នៅកីឡដ្ឋាន Lincoln Financial Field ក្នុងទីក្រុង Philadelphia នៅថ្ងៃទី២២ ខែមីនា មុនពេលប៉ះនីហ្សេរីយ៉ា នៅទីលាន Coliseum ក្នុងក្រុង Los Angeles នៅ៤ថ្ងៃបន្ទាប់។

ដំបូងឡើយ អាហ្សង់ទីន គ្រោងនឹងប្រកួតជាមួយនីហ្សេរីយ៉ា នៅទីក្រុងហាំងចូវ ប្រទេសចិន មុនប៉ះកូតឌីវ័រ ក្នុងក្រុងប៉េកាំង ប៉ុន្តែការខកខានរបស់ Messi ក្នុងក្រុម Inter Miami នៅហុងកុងទល់នឹងក្រុម League XI កាលពីដើមខែកុម្ភៈ បានបង្កឱ្យមានកំហឹងយ៉ាងខ្លាំងពី អ្នកគាំទ្រហុងកុង និងចិន។ កំហឹងកាន់តែកើនឡើង ក្រោយប្រធានក្រុមរូបនេះ បង្ហាញខ្លួននៅប្រទេសជប៉ុនក្នុងជំនួបមិត្តភាពទល់ក្រុម Vissel Kobe។

បើទោះមានការផ្តល់សំណងថ្លៃសំបុត្រ និងបកស្រាយពីសាមីខ្លួន Messi លើបណ្តាញសង្គម ចំពោះអវត្តមានរបស់ខ្លួនដោយសាររបួសក៏ដោយ ប៉ុន្តែមិនអាចពន្លត់កម្តៅរបស់អ្នកគាំទ្រនេះបានឡើយ។ ដូច្នេះ ចុងក្រោយ ចិន បានលុបប្រកួតទាំងពីរ រវាងអាហ្សង់ទីន ទល់នីហ្សេរីយ៉ា និងកូតឌីវ័រ នៅទឹកដីខ្លួនវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង