×

ខ្សែប្រយុទ្ធ Cristiano Ronaldo រងការរិះគន់ខ្លាំងពីប្រជាជនអារ៉ាប៊ីសាអ៊ូឌីត ក្រោយបង្ហាញកាយវិការអបអរបែបអាសអាភាស

ខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងរិះគន់ខ្លាំងពីប្រជាជនអារ៉ាប៊ីសាអ៊ូឌីត បន្ទាប់ពីបង្ហាញកាយវិការអាសអាភាស ក្រោយពេលដែលក្រុម Al Nassr យកឈ្នះក្រុម Al Shabab ដោយលទ្ធផល ៣-២ នៃជំនួបក្របខណ្ឌ Saudi Pro League កាលពីពេលថ្មីៗនេះ។

កីឡាករវ័យ៣៩ឆ្នាំ បានរួមចំណែកស៊ុតបាល់ពិន័យ ១១ម៉ែត្រ ជាគ្រាប់បើកឆាកនាំមុខ ១គ្រាប់សម្រាប់ Al Nassr នៅនាទី២១ មុនពេលដែលមិត្តរួមក្រុម Anderson Talisca ស៊ុត ២គ្រាប់បន្តបន្ទាប់ នៅនាទី៤៦ និងនាទី៨៦។ ២គ្រាប់របស់ Al Shabab ធ្វើបានដោយកីឡាករ Yannick Carrasco នាទី៤៥+៨ និងកីឡាករ Carlos Carvalho នាទី៦៧។

បន្ទាប់ពីបញ្ចប់ការប្រកួតភ្លាមៗ វីដេអូមួយត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បង្ហាញកាយវិការរបស់ Cristiano Ronaldo លើកដៃដាក់លើត្រចៀកជាការឌឺដង មុនពេលធ្វើកាយវិការដៃរុញចុះឡើងត្រង់តំបន់ប្រដាប់ភេទ ក្រោយពេលអ្នកគាំទ្រ Al Shabab បានស្រែកពាក្យចំអន់ខ្លួន ដោយប្រើពាក្យថា Messi។

ហេតុការណ៍នោះមិនត្រូវបានកាមេរ៉ាទូរទស្សន៍ថតជាប់ឡើយ ប៉ុន្តែអ្នកវិភាគរបស់អារ៉ាប៊ីសាអូឌីតមួយចំនួន បានចោទប្រកាន់ Ronaldo ថាធ្វើរឿងមិនសមរម្យ និងគួរតែត្រូវបានដាក់ទណ្ឌកម្ម។ Al Nassr មិនទាន់មានការឆ្លើយតប ប៉ុន្តែមានការរាយការណ៍ថា សហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត បានបើកការស៊ើបអង្កេតលើបញ្ហានេះ។

កីឡាករព័រទុយហ្គាល់ កាលឆ្នាំ ២០២៣ ក៏ធ្លាប់បានជួបនឹងបញ្ហាការរិះគន់នេះម្តងរួចមកហើយដែរ អំឡុងពេល Al Nassr ប្រកួតចាញ់ Al Hilal ២-០ ដោយកាលនោះ Ronaldo បានបង្ហាញកាយវិការដូចជាការចាប់ប្រដាប់ភេទ ពេលដើរទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង