×

ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង តែងតាំងគ្រូបង្វឹកថ្មីបណ្តោះអាសន្ន ក្រោយបណ្តេញ លោក Jurgen Klinsmann ចេញពីតំណែង

សមាគមបាល់ទាត់កូរ៉េខាងត្បូង KFA បានជ្រើសយកលោក Hwang Sun-hong គ្រូបង្វឹកក្រុមអាយុក្រោម ២៣ឆ្នាំ មកដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងបណ្តោះអាសន្ន សម្រាប់ត្រៀមខ្លួនការប្រកួតជម្រុះពានរង្វាន់ World Cup 2026 តំបន់អាស៊ី ទល់នឹងថៃ នាពេលខាងមុខ។

ក្រោយពេលកូរ៉េខាងត្បូង បានបញ្ចប់តំណែងគ្រូបង្វឹក លោក Jurgen Klinsmann កាលពីសប្តាហ៍មុន សមាគមបាល់ទាត់កូរ៉េខាងត្បូង KFA បានសម្លឹងរកមើលអ្នកមកជំនួសតំណែងបណ្តោះអាសន្ន។ លោក Klinsmann ត្រូវបានបណ្តេញចេញក្រោមមូលហេតុ ក្រុមធ្លាក់ពី Asian Cup 2023 ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះតែជម្លោះក្នុងក្រុម និងគ្មានទំនួសខុសត្រូវ។

លោក Hwang គ្រូបង្វឹកក្រុមកូរ៉េខាងត្បូងអាយុក្រោម ២៣ឆ្នាំ បានជួយក្រុមឈ្នះមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ីទីក្រុងហាងចូវ កាលឆ្នាំ ២០២២។ បុរសវ័យ ៥៥ឆ្នាំ ក៏ជាសមាជិកក្រុមជម្រើសជាតិកូរ៉េខាងត្បូង ពេលដែលប្រទេសនេះ ធ្វើសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup 2002 ជាមួយប្រទេសជប៉ុន ហើយបានជួយក្រុមឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីពេលនោះ។

ព្រឹត្តិការណ៍ Asian Cup 2023 ត្រូវបានក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដាក់គោលដៅឈ្នះពានរង្វាន់ជាចាំបាច់បំផុត បន្ទាប់ពីក្រុមនេះ បានរង់ចាំរយៈពេល ៦៤ឆ្នាំ សម្រាប់ជ័យជម្នះពានរង្វាន់ជាលើកទី៣ ក្នុងប្រវត្តិសាស្ត្រ។

យ៉ាងណា បញ្ហាមុនការប្រកួតរវាងកីឡាករវ័យក្មេងក្នុងក្រុម និងកីឡាករវ័យចាស់ អំឡុងការទទួលទានអាហាពេលល្ងាច មុនជំនួបសំខាន់មកដល់ បានធ្វើឱ្យប៉ះទង្គិចផ្លូវអារម្មណ៍ក្រុម ហើយប្រែជាប្រកួតចាញ់។ បញ្ហាបង្កឱ្យក្តីស្រមៃត្រូវបាត់បង់ លោក Klinsmann ជាគ្រូបង្វឹករងការរិះគន់ខ្លាំងពីប្រជាជនកូរ៉េខាងត្បូង ព្រមទាំងបាត់បង់ទំនុកចិត្តពីសមាគមបាល់ទាត់កូរ៉េខាងត្បូង KFA។

កូរ៉េខាងត្បូង ត្រៀមលក្ខណៈជម្រុះ FIFA World Cup 2026 ដោយលោក Hwang នឹងដើរតួសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អលើទីលានឡើងវិញ រវាងប្រធានក្រុម Heung Min Son របស់ក្លិប Tottenham Hotspur ជាមួយនឹងសិស្សប្អូន Lee Kang-In របស់ក្លិប Paris Saint Germain ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង