មានការរាយការណ៍អោយដឹងកាលពីពេលថ្មីៗនេះថា គ្រូបង្វឹក Inter Milan លោក Simone Inzaghi កំពុងក្លាយជាបេក្ខភាពសំខាន់មកជំនួសតំណែងលោក Xavi នៅ Barcelona។
ជាការពិត លោក Simone Inzaghi បច្ចុប្បន្នកំពុងតែបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ដោយកំពុងដឹកនាំក្រុម Inter Milan ឆ្ពោះទៅរកការឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ។
ក្រៅពីភាពលេចធ្លោ ក្នុងការប្រកួតនៅលីគកំពូលអ៊ីតាលីហើយ បុរសវ័យ៤៧ឆ្នាំ បានដឹកនាំ Inter Milan បានយ៉ាងល្អ ដោយមានភាគរយច្រើនក្នុងការយកឈ្នះ Atletico Madrid ដើម្បីឡើងទៅវគ្គបន្ទាប់ពាន UEFA Champions League ផងដែរ។
ដោយសារតែសមត្ថភាពដ៏ល្អនេះ ទើបក្លិប Barcelona កំពុងចាត់ទុកលោក Simone Inzaghi ជាបេក្ខភាពចម្បងមួយ សម្រាប់យកមកដឹកនាំ នៅរដូវកាលក្រោយ រួមជាមួយបេក្ខភាពផ្សេងទៀតដូចជាលោក Hansi Flick លោក Thomas Tuchel និងលោក Roberto De Zerbi ផងដែរ។
យ៉ាងណាក៏ដោយ បញ្ហាសម្រាប់ Barcelona បច្ចុប្បន្ននេះ គឺដោយសារតែលោក Inzaghi ក៏កំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបធំៗ នៅក្នុងក្របខណ្ឌ Premier League ផងដែរ ដូចជា Manchester United , Chelsea ខណ: Liverpool ក៏កំពុងពិចារណាលើលោក Inzaghi ជាអ្នកមកស្នងតំណែងរបស់លោក Jurgen Klopp ដែលនឹងត្រូវចាកចេញផងដែរ។
សូមបញ្ជាក់ថា លោក Xavi បានសម្រេចចិត្តសុំលាលែងពីតំណែងជាគ្រូបង្វឹក Barcelona នៅដំណាច់រដូវកាល២០២៣-២៤ បន្ទាប់ពីក្រុមធ្លាក់ទម្រង់លេង ហើយបានរងសម្ពាធ ជាច្រើន រហូតឈានដល់ការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលបែបនេះ៕