មានការរាយការណ៍ឱ្យដឹងថា ក្លិប Barcelona បានបើកកិច្ចពិភាក្សាជាមួយអតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្លិប Bayern Munich លោក Hansi Flick ជុំវិញការមកបន្តកាន់តំណែងជាគ្រូបង្វឹកបន្តពីលោក Xavi Hernandez ។
ជាការពិត លោក Xavi Hernandez បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹក Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ បន្ទាប់ពីការចាញ់ដោយលទ្ធផល ៥–៣ ក្រោមថ្វីជើងក្រុម Villarreal នៅក្នុងក្របខណ្ឌ La Liga កាលពីខែមករាកន្លងទៅ។
យ៉ាងណា ក្រោយការបរាជ័យធ្ងន់ធ្ងរនោះ លោក Xavi បានដឹកនាំក្រុមត្រឡប់ទៅរកភាពល្អប្រសើរវិញ ដោយបានឈ្នះការប្រកួតនៅលីគកំពូលអេស្ប៉ាញ ៤ ប្រកួត និង ស្មើ ២ប្រកួត ដែលធ្វើឱ្យពួកគេឈរលេខ៣ ក្នុងតារាងពិន្ទុ មាន ៥៨ពិន្ទុ តិចជាងពិន្ទុក្រុមកំពូលតារាង Real Madrid ចំនួន៨ពិន្ទុ។
ម្ចាស់ក្លិប Barcelona លោក Joan Laporta នៅតែដាក់ក្តីសង្ឃឹមថា ពួកគេអាចលួងលោមឱ្យលោក Xavi បន្តដឹកនាំក្រុមទៀត ប៉ុន្តែបុរសវ័យ៤៤ឆ្នាំ នៅតែរក្សាជំហរចាកចេញបន្ទាប់ពីចប់រដូវកាលនេះ។
ដូច្នេះហើយ Barcelona បានស្វះសែ្វងរកបេក្ខភាពជាច្រើនរូបដើម្បីមកកាន់តំណែងជាបន្ត ហើយឥឡូវនេះ យោងតាមអ្នកកាសែត Florian Plettenberg បានបង្ហាញថា ក្លិបរហស្សនាមអ្នកមានបុណ្យ បានចាប់ផ្តើមធ្វើការពិភាក្សាជាមួយលោក Hansi Flick ដែលជាបេក្ខភាពសំខាន់ម្នាក់របស់ពួកគេ ដើម្បីស្នងតំណែង Xavi សម្រាប់រដូវកាលក្រោយ។
ប្រភពដដែលនេះ បានអះអាងទៀតថា លោក Flick ត្រូវបានគេយល់ថាបើកចំហរក្នុងការចូលមកកាន់តំណែងនៅ Barcelona បន្ទាប់ពីលោកមិនទាន់មានក្រុមដឹកនាំនៅឡើយ ចាប់តាំងពីត្រូវបានបញ្ចប់តំណែងពីគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ កាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅ៕