×

Real Madrid នឹងប្តឹងឧទ្ធរណ៍លើការផ្តល់កាតក្រហម Bellingham

ក្លិប Real Madrid នឹងរៀបចំការប្តឹងឧទ្ធរណ៍ទៅលើបញ្ហាការផ្តល់កាតក្រហមខ្សែបម្រើ Jude Bellingham ក្នុងការប្រកួតស្មើ ២-២ ទល់នឹងក្រុម Valencia កាលពីសប្តាហ៍មុន។

ការប្រកួតដ៏ចម្រូងចម្រាស ក្រោយពេលអាជ្ញាកណ្តាលបានសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួត Bellingham ទទួលបានកាតក្រហមពីអាជ្ញាកណ្តាល ចំពោះការតវ៉ាទាមទារគ្រាប់បាល់តែតបញ្ចូលទីនៅនាទី ៩០+៨ ដោយ Brahim Diaz។ Real Madrid រកបានគ្រាប់បាល់ជ័យជម្នះ ប៉ុន្តែត្រូវបានអាជ្ញាកណ្តាលសម្រេចផ្លុំកញ្ចែបញ្ចប់ការប្រកួត ខណៈបាល់ត្រូវបានតែតបញ្ចូលទី។

Bellingham បានកាតក្រហម ត្រូវបានអាជ្ញាកណ្តាលប្រាប់អំពីមូលហេតុថា គេបានបង្ហាញកាយវិការឆេែវឆាវ និងបានស្រែកម្តងហើយម្តងទៀតសំដៅទៅលើមន្ត្រីការប្រកួត និងប្រើពាក្យថា វាជាគ្រាប់បាល់ចូលទីបានសម្រេច។

ការសម្រេចចិត្តមិនផ្តល់គ្រាប់បាល់ពី អាជ្ញាកណ្តាលលោក Gil Manzano ត្រូវបានជំទាស់ពីក្រុមកីឡាកររបស់ Real Madrid។ ក្លិប Real Madrid សមនឹងឈ្នះការប្រកួតទល់ក្រុម Valencia។

លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បានទទូចទាមទាររកដំណោះស្រាយ បន្ទាប់ពីការប្រកួត ជាពិសេសខ្លួនបានអះអាងថា Bellingham មិនបានប្រមាថអាជ្ញាកណ្តាលនោះទេ។

បុរសសញ្ជាតិអ៊ីតាលី បានលើកឡើងដូច្នេះថា៖ “យើងមិនពេញចិត្តនឹងកាតក្រហមរបស់ Bellingham។ គេមិនបាននិយាយប្រមាថអ្វីទេ។ គេមិនបាននិយាយពាក្យមិនសមរម្យឡើយ តែគេគ្រាន់តែនិយាយអ្វីដែលយើងទាំងអស់គ្នាកំពុងគិត។ ខ្ញុំគិតថាគេមិនបានធ្វើខុស ទង្វើរបស់ Bellingham មិនមែនជាការប្រមាថនោះទេ តែជាការតវ៉ាប៉ុណ្ណោះ។”

Real Madrid ស្ថិតនៅកំពូលតារាង La Liga មាន៦៦ពិន្ទុ នាំមុខក្រុមលេខ២ Girona ចំនួន៧ពិន្ទុ ក្រោយឆ្លងកាត់ការប្រកួត២៧លើក សម្រាប់រដូវកាល ២០២៣-២៤។

ដោយឡែក ក្រុមរបស់លោក Carlo Ancelotti នឹងត្រូវចូលរួមការប្រកួតទល់នឹង RB Leipzig ក្នុងជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នាយប់នេះ ខណៈការប្រកួតជើងទី១ ពួកគេបានឈ្នះក្រុមមកពីអាល្លឺម៉ង់ដោយលទ្ធផល ១-០៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង