×

ខ្សែបម្រើ Christian Pulisic រងការប្រមាថ និងគំរាមសម្លាប់ ក្រោយជំនួប AC Milan ទល់នឹង Lazio

ខ្សែបម្រើ Christian Pulisic របស់ក្រុម AC Milan ទទួលបានការផ្ញើសារគំរាមកំហែងដល់ជីវិត និងការផ្ញើសារប្រមាថនៅលើបណ្តាញសង្គម ក្រោយពេលដែលក្រុមរបស់គេ ប្រកួតឈ្នះក្រុម Lazio លទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Serie A កាលពីសប្តាហ៍មុន។

ជំនួបនោះ Lazio បញ្ចប់ការប្រកួតជាមួយនឹងកីឡាករមានគ្នាត្រឹមតែ ៨នាក់ ហើយ Pulisic ជាមូលហេតុពាក់ព័ន្ធទៅនឹងការបណ្តេញចេញកីឡាករ Lazio ២នាក់ ក្នុងចំណោម ៣នាក់។
ក្រោយឈ្នះការប្រកួត Pulisic បានបង្ហោះរូបភាពអបអរលើបណ្តាញសង្គមចំពោះជ័យជម្នះរបស់ក្រុម តែក្រោយមករូបគេក៏ទទួលបានការផ្ញើសារជាន់ពន្លិច និងគំរាមសម្លាប់តែម្តង។

យ៉ាងណាមិញ ការបង្ហោះដដែលនោះ ក៏មានសារដែលបង្ហាញពីការគាំទ្រច្រើនដល់កីឡាករសញ្ជាតិអាមេរិក ពីអ្នកគាំទ្ររបស់ក្រុម AC Milan ក៏ដូចជាមិត្តរួមក្រុម របស់គេផងដែរ។

ដំបូងឡើយកីឡាករ Luca Pellegrini ត្រូវបានបណ្តេញចេញនៅនាទី៦៧ បន្ទាប់ពីទទួលបានកាតលឿងចំនួន ២ ជាប់ៗគ្នា សម្រាប់ការបង្កកំហុសលើ Pulisic។ បន្ទាប់មកកីឡាករ Matteo Guendouzi ត្រូវបានបណ្តេញចេញដោយកាតក្រហមដេញចេញភ្លាមៗ ចំពោះប្រតិកម្មមិនល្អលើ Pulisic ដូចគ្នា។

កីឡាករទី៣ របស់ក្រុម Lazio គឺខ្សែការពារ Adam Marusic ត្រូវបានបណ្តេញចេញពីការប្រកួតនៅចុងម៉ោងហៀបបញ្ចប់ការប្រកួត។

សូមបញ្ជាក់ថា Christian Pulisic បានចូលរួមជាមួយនឹងក្រុម AC Milan ដោយផ្ទេរចេញពីក្រុម Chelsea ក្រោយបញ្ចប់រដូវកាលមុន ដើម្បីស្វែងរកទម្រង់លេងល្អឡើងវិញនៅក្លិបថ្មី។

លេងជាមួយក្លិបនៅលីគកំពូលអ៊ីតាលីបច្ចុប្បន្នរូបគេរកបានគ្រាប់បាល់ចំនួន ៧គ្រាប់ បញ្ចូល ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង