រដ្ឋអាជ្ញាអេស្ប៉ាញកំពុងស្វែងរកការដាក់ទណ្ឌកម្មឱ្យជាប់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៩ ខែ សម្រាប់គ្រូបង្វឹក Real Madrid បច្ចុប្បន្ន លោក Carlo Ancelotti ករណីគេចវេសការបង់ពន្ធរបស់លោក។
លោក Ancelotti ត្រូវបានចោទប្រកាន់ពីបទគេចវេសការបង់ពន្ធចំនួន ១ លានអឺរ៉ូ ក្នុងពន្ធលើប្រាក់ចំណូលពីសិទ្ធិរូបភាពរបស់លោកអំឡុងការដឹកនាំ Real Madrid ពីឆ្នាំ ២០១៤ – ២០១៥។
រដ្ឋអាជ្ញាអេស្ប៉ាញ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាបុរសជនជាតិអ៊ីតាលីលោក Carlo Ancelotti បានស្នាក់នៅក្នុងប្រទេសអេស្ប៉ាញសម្រាប់គោលបំណងណាមួយក៏ដោយ តែលោកត្រូវតែដាក់លិខិតប្រកាសពន្ធរបស់ខ្លួន ប៉ុន្តែលោកបានលុបចោលប្រាក់ចំណូលដែលទទួលបានតាមរយៈសិទ្ធិរូបភាពរបស់ខ្លួន។
យ៉ាងណា ទាក់ទិននឹងរឿងក្តីក្តាំងនេះ បុរសវ័យ៦៤ឆ្នាំ ដែលបានត្រលប់មកកាន់តំណែងជាគ្រូបង្វឹកនៅកីឡដ្ឋាន Santiago Bernabéu ជាលើកទី២ កាលពីឆ្នាំ ២០២១ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែលធ្វើឡើងតាមរយៈក្លិប Real Madrid នោះទេ។
រដ្ឋអាជ្ញាបានចោទប្រកាន់លោក Carlo Ancelotti ពីបទក្លែងបន្លំផ្ទេរសិទ្ធិរូបភាពរបស់ខ្លួនទៅឱ្យអង្គភាពដែលខ្វះខាតសកម្មភាពជាក់ស្តែងនៅខាងក្រៅប្រទេសអេស្ប៉ាញ ដើម្បីចៀសវាងការបង់ពន្ធ។
នេះមិនមែនជាលើកដំបូងឡើយ ដោយបញ្ហាការបង់ពន្ធ អាចចាត់ទុកថា ជារឿងស៊ាំញ៉ាំមួយនៅក្នុងប្រទេសអេស្ប៉ាញ ហើយអាជ្ញាធរប្រទេសនេះបានចោទប្រកាន់ និងស្វែងរកការដាក់ទណ្ឌកម្ម ទៅលើកីឡាករបាល់ទាត់ល្បីៗផ្សេងទៀតរួចមកហើយ ជុំវិញការសង្ស័យថាគេចវេសការបង់ពន្ធ ដែលកីឡាករល្បីៗទាំងនោះរួមមានទាំង Cristiano Ronaldo, Lionel Messi និង Diego Costa ជាដើម។ កីឡាករទាំងអស់នោះបានត្រូវផ្តល់សំណង និងបង់ប្រាក់ពិន័យអស់ជាច្រើនលានអឺរ៉ូផងដែរ៕