×

ក្រដាសជូតមាត់ដែលជាសំណេរកិច្ចសន្យាដំបូងរបស់ Lionel Messi ជាមួយក្លិប Barcelona ត្រៀមដាក់ដេញថ្លៃ

ក្រដាសជូតមាត់ដ៏ល្បីល្បាញដែលជាសំណេរចុះកិច្ចសន្យាដំបូងរបស់ក្លិប Barcelona ជាមួយនឹងខ្សែប្រយុទ្ធ Lionel Messi កាលពីរូបគេមានអាយុ ១៣ឆ្នាំនោះ ដែលមានឈ្មោះថា ‘Messi Napkin’ ត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរក មុនពេលវានឹងត្រូវដាក់លក់ដេញថ្លៃនៅចុងខែមីនាខាងមុខនេះ។

ក្រដាសជូតមាត់ដែលមានទំហំ 13.5 សង់ទីម៉ែត្រ គុណនឹង 13.5 សង់ទីម៉ែត្រ ត្រូវបានសរសេរដោយដៃពីទឹកថ្នាំពណ៌ខៀវរបស់ប្រធានផ្នែកកីឡាក្លិប Barcelona លោក Carles Rexach កាលពីថ្ងៃទី នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០០០ ដោយបានសន្យាថានឹងធានា Messi ដែលមានវ័យក្មេង ឱ្យរូបគេមកលេងជាមួយក្លិបនៅលីគកំពូលអេស្ប៉ាញមួយនេះ។

កិច្ចសន្យាសរសេរដោយដៃជាភាសាអេស្ប៉ាញ នៅលើក្រដាសជូតមាត់នោះបានអះអាងថា៖ “នៅទីក្រុងបាសេឡូណា ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០០០ និងមានវត្តមានរបស់លោក Carles Rexach នាយកកីឡារបស់ក្លិប Barcelona យល់ព្រម ចុះហត្ថលេខាលើកីឡាករ Lionel Messi។ យើងបានផ្តល់ជំនឿជឿជាក់ថាយើងរក្សានូវអ្វីដែលបានព្រមព្រៀងគ្នា។”

ក្រដាសជូតមាត់ត្រូវបានចុះហត្ថលេខាដោយលោក Rexach រួមជាមួយទីប្រឹក្សាផ្ទេររបស់ក្លិប Barcelona លោក Josep Minguella និង Horacio Gaggioli ភ្នាក់ងារអាហ្សង់ទីនដែលបាននាំ Messi មកកាន់ចំណាប់អារម្មណ៍លោក Rexach ។

ការដាក់តាំងបង្ហាញក្រដាសជូតមាត់ដែលជាសំណៅចុះកិច្ចសន្យាដំបូងរបស់ក្លិប Barcelona ជាមួយនឹង Mess នឹងត្រូវធ្វើឡើងនាអាគារ Bonhams New York ស្ថិតនាទីក្រុងញូវយ៉ក រហូតដល់ថ្ងៃទី ៨ ខែមីនា នៅក្នុងការតាំងពិព័រណ៌ដែលមហាជនអាចចូលទស្សនាដោយមិនគិតថ្លៃ និងបើកចំហជាសាធារណៈ។

បន្ទាប់មកវានឹងត្រូវយកទៅដាក់តាំងបង្ហាញនៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី ១៦-១៩ ខែមីនា និងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ចាប់ពីថ្ងៃទី ២៤-២៦ ខែមីនា មុនពេលវាត្រូវដាក់ដេញថ្លៃ។ ស្ថាប័ន Bonhams កំពុងដាក់ដេញថ្លៃ ‘Messi napkin’ ជំនួសក្នុងការដេញថ្លៃតាមអ៊ីនធឺណិតដែលកំពុងដំណើរការចាប់ពីថ្ងៃទី ១៨ ដល់ ២៧ ខែមីនា ជាមួយនឹងតម្លៃចាប់ផ្តើមពី ៣៨ម៉ឺនដុល្លារឡើងទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង