×

FIFA ថ្កោលទោសអំពើហិង្សាដែលគួរឱ្យស្អប់ខ្ពើម នៅឯកីឡដ្ឋាន Wembley

FIFA កំពុងស៊ើបអង្កេតការប៉ះទង្គិចគ្នា នៅឯកីឡដ្ឋាន Wembley រវាងប៉ូលីស និងអ្នកគាំទ្រហុងគ្រី ក្នុងការប្រកួតទល់នឹងអង់គ្លេស ដោយនិយាយថា ខ្លួនគ្មានការអត់ធ្មត់ចំពោះអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមនេះឡើយ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ ក៏កំពុងពិនិត្យមើលឧប្បត្តិហេតុនៅក្នុងការប្រកួតរវាងអាល់បានី និងប៉ូឡូញ នៅទីក្រុងទីរ៉ាណា ប្រទេសអាល់បានី ដែលមានការចោលដប ទៅលើទីលាន បន្ទាប់ពីក្រុមប៉ូឡូញស៊ុតបញ្ចូលទី។

FIFA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “បច្ចុប្បន្ន FIFA កំពុងវិភាគរបាយការណ៍នៃការប្រកួតវគ្គជម្រុះ FIFA World Cup យប់មិញ ដើម្បីកំណត់ពីសកម្មភាពសមស្របបំផុត។”

“FIFA ថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនៅក្នុងការប្រកួតរវាងក្រុមអង់គ្លេស ទល់នឹងក្រុមហុងគ្រី និងការប្រកួតរវាង អាល់បានី ទល់នឹង ប៉ូឡូញ ហើយសូមបញ្ជាក់ថា ជំហររបស់យើងនៅតែរឹងមាំ និងប្តេជ្ញាចិត្តក្នុងការបដិសេធរាល់ទម្រង់នៃអំពើហិង្សា ក៏ដូចជាទម្រង់នៃការរើសអើង ឬការរំលោភបំពានណាមួយ។”

“FIFA គ្មានការអត់ធ្មត់នឹងអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមនៅក្នុងបាល់ទាត់ឡើយ។”

សូមជម្រាបថា ប៉ូលីសបានរងការវាយប្រហារពីអ្នកគាំទ្រហុងគ្រី បន្ទាប់ពីពួកគេបានចូលទៅតំបន់អង្គុយរបស់អ្នកគាំទ្រក្រុមភ្ញៀវ ប៉ុន្តែពួកគេត្រូវបង្ខំចិត្តដកថយវិញ។ ប៉ូលីសក្រុងបាននិយាយថា ពួកគេបានធ្វើសកម្មភាព បន្ទាប់ពីអ្នកបម្រើម្នាក់ ត្រូវបានគេរើសអើងពូជសាសន៍។

ការប្រកួតនេះ បានបញ្ចប់ទៅដោយលទ្ធផល ១-១ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង