តារាយូធូបដ៏ល្បីរបស់អាមេរិក Jake Paul ដែលបានប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព នឹងត្រូវឡើងសង្វៀនតទល់ជាមួយនឹងអ្នកប្រដាល់សកលទម្ងន់ធ្ងន់អាមេរិក Mike Tyson នៅក្នុងការប្រកួតក្រៅផ្លូវការ Exhibition Match ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដាខាងមុខ។
ការប្រកួតដ៏កក្រើកមួយនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន AT&T ដែលអាចផ្ទុកអ្នកទស្សនារហូតដល់៨ម៉ឺននាក់ ស្ថិតនៅទីក្រុង Arlington រដ្ឋ Texas ហើយនិងត្រូវបានចាក់ផ្សាយផ្តាច់មុខនៅលើកម្មវិធី Netflix ដែលជាសេវាកម្មចាក់ផ្សាយវីដេអូភាពយន្តដ៏ល្បីរបស់អាមេរិកផងដែរ។
Mike Tyson វ័យ ៥៧ឆ្នាំ បានក្លាយជាអ្នកប្រដាល់សកលអាជីពនៅក្នុងឆ្នាំ ១៩៨៥ ពោលគឺស្ថិតនៅវ័យ១៨ឆ្នាំ ហើយបានចូលនិវត្តន៍ពីអាជីពនេះ នៅឆ្នាំ ២០០៥ ដោយត្រូវបានគេហៅថា ស្តេចប្រដាល់ទម្ងន់ធ្ងន់អាមេរិក ជាមួយនឹងកំណត់ត្រាប្រកួត ៥៨ដង ឈ្នះ៥០ដង ចាញ់៦ដង និងមោឃៈ ២ដង ដោយផ្តួលគូប្រកួតឱ្យ បោះបង់ការប្រកួតចំនួន៤៤ដង។
បើទោះជាចូលនិវត្តន៍អស់ពេលជាច្រើនឆ្នាំ ប៉ុន្តែសន្ទុះកម្លាំងដៃរបស់ Mike Tyson នៅតែខ្លាំង និងរហ័ស ដែលអ្នកគាំទ្របានឃើញនៅក្នុងវីដេអូជាច្រើន អំឡុងពេលការហ្វឹកហាត់របស់លោក ក៏ដូចការប្រកួតក្រៅផ្លូវការចុងក្រោយ ទល់នឹងអ្នកប្រដាល់អាមេរិក Roy Jones កាលពីឆ្នាំ ២០២០ ដែលបញ្ចប់ទៅលទ្ធផលស្មើគ្នា។
ចំណែកឯ តារាយូធូបដ៏ល្បី Jake Paul វ័យ ២៧ឆ្នាំ វិញ ចាប់តាំងពីឆ្នាំ ២០២០ បានក្លាយជាអ្នកប្រដាល់អាជីព ដោយបានឆ្លងកាត់ការប្រកួតអាជីពចំនួន ១០ដង ឈ្នះ៩ ចាញ់១ និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត៦ដង ដោយក្នុងនោះបានយកឈ្នះលើកីឡាករខ្លាំងៗជាច្រើននាក់ផងដែរ។
បើយោងតាមគេហទំព័រលក់សំបុត្រ Vivid Seats បានបង្ហាញថា តម្លៃសំបុត្រទាបបំផុតសម្រាប់ការប្រកួតដ៏កក្រើកមួយនេះមានតម្លៃជាង២០០ដុល្លារ ខណៈដែលកៅអីមានតម្លៃថ្លៃបំផុតចន្លោះពី ៤ពាន់ទៅ៦ពាន់ដុល្លារ៕