
មានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលអ្នកចាត់ការ Manchester City លោក Pep Guardiola បានសម្រេចចិត្តដកខ្សែបម្រើ De Bruyne ដើម្បីជំនួសវិញដោយ Mateo Kovacic នៅនាទីទី ៦៩ នៃការប្រកួតដែលស្មើជាមួយ Liverpool ១-១ ។
De Bruyne ត្រូវបានគេមើលឃើញថាមានការខឹងសម្បារចំពោះការសម្រេចចិត្តនេះ ដោយបានប៉ះពាក្យសម្តីជាមួយបុគ្គលិករបស់ក្លិប នៅពេលគាត់ដើរចេញពីទីលានប្រកួត។
យ៉ាងណា លោក Guardiola បាននិយាយយ៉ាងដូច្នេះថា៖ “នោះជាការល្អ។ គេនឹងមានឱកាសក្នុងការប្រកួតបន្ទាប់ ដើម្បីបង្ហាញថាការសម្រេចចិត្តរបស់ខ្ញុំខុស ដូច្នេះនៅពេលក្រោយគាត់នឹងមានឱកាស។ វាមិនអីទេ។”
បុរសជនជាតិអេស្ប៉ាញបន្តថា៖ “ពួកយើងត្រូវការកីឡាករដែលអាចរក្សាបាល់បាន។ ការដាក់សម្ពាធមិនមែនជាអ្វីដែលយើងត្រូវការទេ វាមិនមែនទេ ហើយនោះជាមូលហេតុដែល Mateo Kovacic ពិតជាសក្តិសម និង Phil Foden ប្ដូរមកលេងនៅកណ្តាល។
”Philបានលេងពីរ ឬបីដង នៅមុខតំណែងនេះ និងនៅតំបន់ប្រយុទ្ធ ព្រោះខ្ញុំដឹងថានៅក្នុងតំណែងកណ្តាល Phil ធ្វើបានល្អណាស់”។
ទោះបីជា De Bruyne មិនសប្បាយចិត្តនឹងការប្តូរចេញក៏ដោយ ក៏ការសម្រេចចិត្តឱ្យ Foden ចូលកណ្តាល ស្ទើរតែនាំឱ្យ Man City ដណ្តើមបានគ្រាប់បាល់ជ័យជម្នះនៅចុងការប្រកួត។
លទ្ធផលស្មើគ្នានេះ មានន័យថា Liverpool, Man City និង Arsenal មានគម្លាតតែមួយពិន្ទុប៉ុណ្ណោះនៅកំពូលតារាង ខណៈក្រុមកាំភ្លើងធំ បានហក់ឡើងឈរនៅលេខមួយ ដោយមាន ៦៤ពិន្ទុស្មើ Liverpool គិតត្រឹមសប្ដាហ៍ទី២៨៕