គ្រូបង្វឹក Lazio លោក Maurizio Sarri បានលាលែងពីតំណែងរបស់ខ្លួនហើយ បន្ទាប់ពីបានដឹកនាំចាញ់ក្រុម Udinese ក្នុងលទ្ធផល ២–១ នៅក្នុងជំនួបក្របខណ្ឌ Serie A កាលពីពេលកន្លងទៅ។
បុរសវ័យ ៦៥ឆ្នាំ បានចូលមកដឹកនាំក្រុម Lazio ចាប់តាំងពីរដូវក្តៅឆ្នាំ២០២១ មក ប៉ុន្តែសម្រាប់រដូវកាលនេះវិញ ស្ថានភាពក្រុមហាក់កំពុងមានភាពយ៉ាប់យ៉ឺនខ្លាំងមែនទែន ដោយបានចាញ់ ៣ប្រកួតជាប់ៗ នៅក្នុងការប្រកួតបាល់ទាត់លីគកំពូលអ៊ីតាលី។
ទន្ទឹមនឹងនេះ Lazio បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងរបស់ Bayern Munich ត្រឹមវគ្គ ១៦ក្រុមថែមទៀតផង ដែលកាន់តែដាក់បន្ទុកទៅលើការដឹកនាំរបស់លោក Maurizio Sarri ។
ជុំវិញស្ថានភាពបែបនេះ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានរាយការណ៍មកថា លោក Sarri ដែលនៅសល់កិច្ចសន្យាជាមួយ Lazio រហូតដល់ឆ្នាំ២០២៥ នោះ បានប្រកាសលាលែងចេញពីតំណែងហើយ។
ជម្រាបជូនផងដែរថា ក្លិប Lazio ហាក់ដូចជាមានការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់លោក Sarri នេះ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានក្លិប លោក Claudio Lotito នៅតែទទួលយកការសម្រេចចិត្តរបស់បុរសសញ្ជាតិអ៊ីតាលីរូបនេះ។
លោក Maurizio Sarri ដែលបានលើកពាន Serie A កាលពីឆ្នាំ ២០២០ ជាមួយ Juventus និងឈ្នះ ពាន UEFA Europa League ជាមួយ Chelsea ក្នុងឆ្នាំ ២០១៩ បានមកជំនួសតំណែងលោក Simone Inzaghi ជាគ្រូបង្វឹក Lazio ក្នុងឆ្នាំ ២០២១ និងបានដឹកនាំ ក្រុមមួយនេះ បញ្ចប់ការប្រកួតក្របខណ្ឌ Serie A ក្នុងចំណាត់ថ្នាក់លេខ២កាលពីរដូវកាលមុន ដែលជាចំណាត់ថ្នាក់ល្អបំផុតរបស់ពួកគេ ចាប់តាំងពីការប្រកួតលីគឆ្នាំ ១៩៩៩-២០០០ មក៕