×

គ្រូ Real Madrid រំពឹងកីឡាករ២រូប អាចវិលមកកាន់ទីលានវិញឆាប់ៗ

គ្រូបង្វឹកលោក Carlo Ancelotti បានដាក់ក្តីរំពឹងថា កីឡាករសំខាន់២រូបរបស់ក្រុម Real Madrid នឹងអាចវិលមកកាន់ការប្រកួតបាន នៅពេលថ្ងៃប្រកួត FIFA Day ត្រូវបានបញ្ចប់។

ជាការពិត កីឡាករទាំង២រូប ដែលបុរសជនជាតិអាល្លឺម៉ង់ចង់បានមកកាន់ទីលានវិញនោះគឺ អ្នកចាំទី Thibaut Courtois និង ខ្សែការពារ Eder Militao។

Courtois បានរងរបួស ACL មុនរដូវកាល ២០២៣-២៤ ចាប់ផ្ដើម ខណៈ Militao ទទួលរងរបួសដូចគ្នានេះ ក្នុងការប្រកួតបើកឆាករបស់ Real Madrid ទល់នឹង Athletic Bilbao នៅក្របខណ្ឌ La Liga។

លោក Carlo Ancelotti បញ្ជាក់ថា កីឡាករទាំងពីររូប អាចសះស្បើយពីរបួសពេញលេញ ដើម្បីត្រៀមសម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League ទល់ Manchester City នាខែក្រោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Ancelotti បាននិយាយថា៖ “ពួកគេចាប់ផ្ដើមធ្វើការជាមួយក្រុមនាសប្ដាហ៍នេះ យើងនឹងយកផលចំណេញពីថ្ងៃសម្រាកប្រកួតអន្ដរជាតិ ដើម្បីប្រកួតទល់នឹងក្រុមយុវជន។ ខ្ញុំគិតថាពួកគេនឹងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតនាថ្ងៃទី៣១ ខែមីនា ទល់ Athletic Bilbao។ យើងសង្ឃឹមថា ពួកគេធ្វើបានយ៉ាងល្អ។”

ឆ្លងកាត់ការប្រកួតចំនួន២៩សប្តាហ៍នាក្របខណ្ឌ La Liga រួចមក Real Madrid កំពុងឈរកំពូលតារាង មាន៧២ពិន្ទុ ច្រើនជាងក្រុមគូប្រជែង Barcelona ដែលនៅលេខ២ចំនួន ៨ពិន្ទុ។ ពួកគេនឹងត្រូវប៉ះក្រុម Athletic Bilbao ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ សប្តាហ៍ទី៣០ នាថ្ងៃទី៣១ខែមីនា មុនបន្តជួបក្រុម Manchester City នៅជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នាថ្ងៃទី ៩ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង