×

អ្នកវាយកូនបាល់ Carlos Alcaraz ទទួលជោគជ័យក្នុងការការពារតំណែងជើងឯកកម្មវិធី Indian Wells Open 2024

ការប្រកួតវាយកូនបាល់កម្មវិធី Indian Wells Open 2024 កម្រិត ATP Tour Masters 1000 បានបញ្ចប់ហើយ បន្ទាប់ពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Indian Wells រដ្ឋ California សហរដ្ឋអាមេរិក។

នៅក្នុងនោះគេក៏បានរកឃើញអ្នកទទួលបានតំណែងជើងឯកនៃកម្មវិធីផងដែរ នោះគឺកីឡាករអេស្ប៉ាញ Carlos Alcaraz ដោយគេបានយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 7-6 និង 6-1។

នេះជាលើកទី២ជាប់គ្នាហើយ ដែល កីឡាករវ័យ២០ឆ្នាំ និងកំពុងកាន់កាប់តំណែងជាកីឡាករលំដាប់ទី២ពិភពលោក បានឈ្នះពានរង្វាន់ Indian Wells Open បន្ទាប់ពីបានឈ្នះក្នុងឆ្នាំ២០២៣។ វាក៏ជាពានរង្វាន់ដំបូងដែលគេបានឈ្នះបន្ទាប់ពីបានឈ្នះ ពានរង្វាន់ Wimbledon តាំងតែពីខែកក្កដា ឆ្នាំមុនមកម្ល៉េះ។

Carlos Alcaraz ក៏ជាកីឡាករដំបូងគេដែលអាចឈ្នះជើងឯកកម្មវិធី Indian Wells Open ២ឆ្នាំជាប់គ្នា បន្ទាប់ពី កីឡាករសែប Novak Djokovic ដែលបានឈ្នះជើងឯកនៃកម្មវិធីនេះ៣ដងជាប់ៗគ្នា ពីឆ្នាំ២០១៤ ដល់ ២០១៦។

សូមបញ្ជាក់ថា កម្មវិធី Indian Wells Open 2024 គឺជាការដំណើរការ លើកទី៥០នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៩លាន ៤សែន ៩ម៉ឺន ដុល្លារអាមេរិក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង