កងទ័ពជើងអាកាសបារាំង បានសហការជាមួយនគរបាលនិងកងអាវុធហត្ថ បានចាប់ផ្តើមហាត់ហ្វឹកហ្វឺន ទ្រង់ទ្រាយធំ អំពីរបៀបប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ដ្រូនខុសច្បាប់ ដែលអាចមានច្រើននៅក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៤។
ការធ្វើលំហាត់ហ្វឹកហ្វឺនអំពីរបៀបកម្ចាត់ដ្រូន នេះបានប្រើប្រព័ន្ធផ្សេងៗគ្នាជាច្រើនដែលមានដូចជា ដ្រូនធុនធ្ងន់មានបំពាក់រាដា កាមេរ៉ា និងប្រដាប់វាស់ចម្ងាយ ដើម្បីកំណត់ទីតាំងឬចំណុចហោះចេញរបស់ដ្រូនខុសច្បាប់។ ប្រព័ន្ធឬកាំភ្លើងសម្រាប់រារាំង រំខានការហោះឡើងរបស់ដ្រូនពីចម្ងាយ។
លំហាត់សាកល្បងនេះ ជាការត្រៀមលក្ខណៈប្រឈមទល់នឹងការគំរាមកំហែងភេរវកម្មផង ចលនាតវ៉ាប្រឆាំងផង និងសកម្មភាពបែបទំនើង ឬរបស់ក្រុមជនខិលខូច ដែលចង់ទៅថតកម្មវិធីកីឡាអូឡាំពិកដោយប្រើដ្រូនផ្ទាល់ខ្លួន។
ដ្រូនត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ជាអាវុធក្នុងជម្លោះផ្សេងៗ ដូចជានៅហ្កាហ្សា ឬនៅអ៊ុយក្រែន ដោយមួយខែៗភាគីជម្លោះបានចំណាយដ្រូនគ្រប់ធុនអស់រាប់ម៉ឺនគ្រឿង។ នៅក្នុងប្រទេសបារាំង និន្នាការប្រើដ្រូន ក៏បានកើនឡើងគួរជាទីកត់សម្គាល់ដែរ។
ការប្រយុទ្ធប្រឆាំងនឹងការប្រើដ្រូនក្នុងអំឡុងពេលប្រកូតកីឡាអូឡាំពិក ជាប្រតិបត្តិការធំមួយ។ ជាការប្រៀបធៀប ក្នុងហែក្បួនព្យុះហយាត្រនាថ្ងៃបុណ្យជាតិ១៤កក្កដា២០២៣ ប្រតិបត្តិការប្រឆាំងដ្រូនមានទំហំ៤០ម៉ោង ការប្រកួតកីឡារ៉ូប៊ីពិភពលោក ចំនួន២ពាន់ម៉ោង ឯការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីសឆ្នាំ២០២៤ ត្រូវការដល់ទៅ២ម៉ឺនម៉ោងឯណោះ។
ជាសរុបបារាំង នឹងរាយប្រព័ន្ធចាប់ដ្រូនធុនធ្ងន់ចំនួន១៥ ក្នុងមានមួយជាប្រព័ន្ធរបស់អង់គ្លេស ចាំចាប់ដ្រូនល្មើស ព្រមទាំងកាំភ្លើងរំខានដំណើរការដ្រូន កាំភ្លើងកាំរស្មីឡាស៊ែរ ឬដ្រូនចាប់ដ្រូន RapidEagle ដោយមានបំពាក់សំណាញ់ផង។ ដែនអាកាស ត្រូវស្ថិតនៅក្រោមការការពារយ៉ាងតឹងតែងពីសំណាក់ក្រសួងការពារជាតិ ដែលគ្រោងហាមឃាត់ការហោះហើរទាំងស្រុងតែម្តងលើផ្ទៃមេឃក្រុងប៉ារីសក្នុងរង្វង់អង្កត់ផ្ចិត១៥០គីឡូម៉ែត្រ នៅថ្ងៃបើកកម្មវិធី។
សូមបញ្ជាក់ថា ការប្រកួតកីឡាព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងបើកដំណើរការចាប់ពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ១១ ខែសីហា នាទីក្រុងប៉ារីស ប្រទេសបារាំង ដោយមានការប្រកួតចំនួន ៣២៩វិញ្ញាសា ពីកីឡា ៣២ប្រភេទ៕