ក្លិប Lazio បានប្រកាសតែងតាំង អតីតគ្រូបង្វឹក Marseille លោក Igor Tudor មកជាគ្រូបង្វឹកថ្មីជំនួសលោក Maurizio Sarri ដែលបានសុំលាលែងពីតំណែងកាលពីពេលថ្មីៗនេះ។
លោក Maurizio Sarri បានសុំបញ្ចប់ការងាររបស់ខ្លួនជាមួយ Lazio កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ ក្រោយទទួលលទ្ធផលមិនសូវល្អ។
ដូច្នេះហើយ Lazio បានស្វះស្វែងរកបេក្ខភាពថ្មីមកដឹកនាំបន្តភ្លាមៗ ហើយចុងក្រោយពួកគេបានជ្រើសរើសយកលោក Igor Tudor ដោយបុរសវ័យ៤៥ឆ្នាំ បានចុះកុងត្រារយៈពេល១៨ខែ ក្នុងការដឹកនាំក្លិបនៅក្របខណ្ឌកំពូលអ៊ីតាលី Serie A មួយនេះ។
លោក Igor Tudor បានដឹកនាំក្លិបចុងក្រោយគឺក្លិប Olympique de Marseille នៅលីគកំពូលបារាំង ដោយបានលាលែងពីតំណែង កាលពីខែមិថុនាឆ្នាំមុន ក្រោយជួយក្លិបបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាលមុន។
មែនទែនទៅ បុរសជនជាតិក្រូអាតមានបទពិសោធដឹកនាំការប្រកួតនៅក្របខណ្ឌ Serie A រួចមកហើយដែរ ដោយលោកធ្លាប់បានដឹកនាំក្លិប Udinese និង Hellas Verona ។
អតីតខ្សែការពាររូបនេះ ក៏ធ្លាប់ជាសមាជិកក្លិប Juventus ដោយបានជួយឱ្យក្លិបឈ្នះជើងឯក Serie A ២ដង នៅក្នុងរដូវកាល ២០០១-០២ និង ២០០២-០៣ រួមទាំងពានរង្វាន់ UEFA Intertoto Cup កាលពីឆ្នាំ១៩៩៩។
ដោយឡែក Lazio បច្ចុប្បន្នកំពុងឈរចំណាត់ថ្នាក់លេខ៩ នៅក្នុងតារាងពិន្ទុក្របខណ្ឌ Serie A ដោយមាន៤៣ពិន្ទុ ក្រោយឆ្លងកាត់ ២៩ប្រកួតរួចមក។ ការប្រកួតជាបន្តរបស់ពួកគេនឹងត្រូវស្វាគមន៍ក្រុម Juventus នៅថ្ងៃទី៣០ ខែមីនា ខាងមុខ៕