ការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ FIFA World Cup U-17 នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ជាជាងការធ្វើឡើង២ឆ្នាំម្តង ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ដោយចាប់ផ្តើមចាប់ពីឆ្នាំ២០២៥ រហូតដល់ឆ្នាំ ២០២៩ ដោយប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA។
ដូចការប្រកួតបាល់ទាត់ពិភពលោករបស់ក្រុមឈុតធំដែរ ការប្រកួតសម្រាប់យុវជនអាយុក្រោម១៧ឆ្នាំ ដែលធ្វើឡើងចាប់ពីឆ្នាំក្រោយទៅ នឹងដំឡើងចំនួនក្រុម រហូតដល់៤៨ក្រុម។
រីឯការប្រកួតបាល់ទាត់ពិភពលោកសម្រាប់នារី អាយុក្រោម១៧ឆ្នាំ Women’s Under-17 World Cup ក៏នឹងធ្វើឡើងជារៀងរាល់ឆ្នាំ ដូចគ្នាចាប់ពីឆ្នាំ២០២៥ ដោយប្រទេសម៉ារ៉ុក នឹងធ្វើជាម្ចាស់ផ្ទះ ហើយក៏នឹងដំឡើងចំនួនក្រុម រហូតដល់២៤ក្រុម ដែលគម្រោងនេះនឹងដំណើរការដល់ឆ្នាំ២០២៩ដែរ។ កាលពីការប្រកួត បាល់ទាត់ពិភពលោកនារី ឆ្នាំ២០២២ ដែលក្រុមនារីអេស្ប៉ាញ ជាម្ចាស់ជើងឯកនោះ មានការប្រកួតត្រឹមតែ១៦ក្រុមប៉ុណ្ណោះ។
ក្នុងការប្រកួត បាល់ទាត់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ លើកចុងក្រោយ កាលពីឆ្នាំ២០២៣ ក្រុមអាល្លឺម៉ង់ជាអ្នកទទួលបានជើងឯក ដែលនោះជាការឈ្នះជាលើកដំបូងបំផុតរបស់ពួកគេ។
ជុំវិញកំណែទម្រង់ការប្រកួតបែបនេះ ត្រូវបានប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino គឺជាការផ្លាស់ប្តូរដ៏មានសារសំខាន់សម្រាប់វិស័យបាល់ទាត់ ក៏ដូចជាការបង្កើនការអភិវឌ្ឈ កីឡាករឱ្យបានច្រើនផងដែរ។
លោក Gianni Infantino បានឱ្យដឹងថា៖ “វាជាការផ្លាស់ប្តូរដ៏មានសារសំខាន់ដែល FIFA ត្រូវតែធ្វើការអភិវឌ្ឈកីឡាករ កីឡាការិនីបាល់ទាត់ឱ្យកាន់តែប្រសើរឡើង។ វាផ្តល់ឱកាសឱ្យពួកគេបញ្ចេញសមត្ថភាព នៅលើទីលាន ហើយយើងក៏កាន់តែពង្រឹង រឿងដ៏សំខាន់មួយផងដែរ នោះគឺ ការទប់ស្កាត់ទង្វើរើសអើងជាតិសាសន៍នៅលើទីលាន។”
សម្រាប់ការធ្វើកំណែទម្រង់ការប្រកួតបាល់ទាត់ពិភពលោកយុវជនអាយុក្រោម១៧ឆ្នាំ World Cup U-17 នេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានអះអាងថា ខ្លួនបានចំណាយរហូតដល់ទៅ ២២៥ពាន់លានដុល្លារ ឯណោះ៕