×

អ្នកចាំទី Thibaut Courtois អាចបន្តអវត្តមានច្រើនសប្តាហ៍ទៀតក្រោយរងរបួសជង្គង់

អ្នកចាំទី Thibaut Courtois របស់ Real Madrid អាចបន្តអវត្តមានជាច្រើនសប្តាហ៍ទៀត ក្រោយជួបប្រទះបញ្ហារបួសសរសៃពួរជង្គង់ខាងស្តាំ។ នេះបើតាមការប្រកាសអោយដឹងពីក្លិបនៅក្របខណ្ឌ La Liga។

ជាការពិត កីឡាករអន្តរជាតិបែលហ្ស៊ីក ត្រូវបានរំពឹងទុកថា នឹងអាចវិលត្រឡប់ មករួមក្រុម Real Madrid វិញ ក្រោយពីរូបគេបានធូរស្រាលរបួស ACL ជង្គង់ខាងឆ្វេង ដែលកើតឡើងតាំងពីខែសីហាមុនរដូវកាល ២០២៣-២៤ ចាប់ផ្ដើម។

យ៉ាងណា ក្រោយពីបានធូរស្រាលរបួសជង្គង់ឆ្វេង Thibaut Courtois បែរជាជួបបញ្ហារបួសជង្គង់ខាងស្តាំម្តង ដែលរបួសនេះបានកើតឡើងអំឡុងពេលរូបគេធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃអង្គារ។

ក្រោយធ្វើការត្រួតពិនិត្យរួចមក កីឡាករវ័យ៣១ឆ្នាំ ត្រូវបានក្រុមគ្រូពេទ្យតម្រូវឱ្យធ្វើការព្យាបាល នឹងត្រូវបន្តសម្រាកពីទីលានមួយរយៈទៀត។

នេះមានន័យថា Thibaut Courtois នឹងអវត្តមានការប្រកួតដែល Real Madrid ត្រូវប៉ះ Athletic Bilbao នៅក្របខណ្ឌ La Liga និងការប្រកួតសំខាន់ដែលពួកគេត្រូវប៉ះ Man City សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយ UEFA Champions League នាខែមេសា ខាងមុខ។

ឆ្លងកាត់ការប្រកួតចំនួន២៩សប្តាហ៍នាក្របខណ្ឌ La Liga ពេលនេះ Real Madrid កំពុងឈរកំពូលតារាង មាន៧២ពិន្ទុ ច្រើនជាងក្រុមគូប្រជែង Barcelona ដែលនៅលេខ២ចំនួន ៨ពិន្ទុ។ ពួកគេនឹងត្រូវប៉ះក្រុម Athletic Bilbao ក្នុងការប្រកួតលីគកំពូលអេស្ប៉ាញ សប្តាហ៍ទី៣០ នាថ្ងៃទី៣១ខែមីនា មុនបន្តជួបក្រុម Manchester City នៅជើងទី១ វគ្គ ៨ក្រុមចុងក្រោយ UEFA Champions League នាថ្ងៃទី ៩ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង