×

Fenerbahce ពិចារណាដកខ្លួនចេញពីលីគបាល់ទាត់កំពូលតួកគី ក្រោយកីឡាកររងការវាយប្រហារលើទីលាន

ក្រុម Fenerbahce ពិចារណាដកខ្លួនចេញពីលីគបាល់ទាត់កំពូលតួកគី បន្ទាប់ពីកីឡាកររបស់ពួកគេ រងការវាយប្រហារយ៉ាងដំណំពីសំណាក់អ្នកគាំទ្រ Trabzonspor នៅក្នុងទីលាន។ នេះបើតាមការបញ្ជាក់របស់លីគ Super Lig ។

ហេតុការណ៍ហិង្សា កើតឡើងបន្ទាប់ពីក្រុមភ្ញៀវ Fenerbahce ឈ្នះលើក្រុម Trabzonspor ៣-២ ក្នុងជំនួបលីគចុងសប្តាហ៍មុន។ ភ្លាមៗក្រោយចប់ការប្រកួត អ្នកគាំទ្រក្រុម Trabzonspor បានសម្រុកចូលទីលាន ហើយបានប្រឈមនឹងកងកម្លាំងសន្តិសុខ និងបានដេញវាយកីឡាកររបស់ Fenerbahce ពេញក្នុងទីលាន។

នេះជាឧប្បត្តិហេតុចុងក្រោយបង្អស់ក្នុងក្របខណ្ឌ Super Lig ដែលគេចាត់ទុកថាមានភាពចម្រូងចម្រាសបំផុតក្នុងរដូវកាលនេះ។

កីឡាររបស់ Fenerbahce ពីររូបដូចជា ខ្សែការពារ Bright Osayi-Samuel និងខ្សែប្រយុទ្ធ Michy Batshuayi បានព្យាយាមធ្វើអន្តរាគមន៍ នៅពេលសន្តិសុខបានចូលទៅក្នុងទីលាន។ យ៉ាងណាក៏ដោយ ក្នុងខ្សែវីដេអូមួយដែលបានបង្ហោះលើបណ្តាញសង្គមអតីតខ្សែប្រយុទ្ធរបស់ Chelsea, Batshuayi បានលោតធាក់អ្នកគាំទ្រម្នាក់នៅក្នុងហេតុការណ៍នោះផងដែរ។

បន្ទាប់ពីករណីនេះ Fenerbahce បានបង្ហាញអំពីការពិចារណាដកខ្លួនចេញពីលីគកំពូលតួកគី។ ក្រុមប្រឹក្សាភិបាលក្លិបបានសម្រេចចិត្តថាក្លិបនឹងបើកកិច្ចប្រជុំមហាសន្និបាតវិសាមញ្ញនៅថ្ងៃទី២ ខែមេសា ដើម្បីសម្រេចចិត្តចុងក្រោយជុំវិញករណីនេះ។

លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានថ្កោលទោសចំពោះឧបទ្ទវហេតុនេះ។ លោក Infantino ចាត់ទុកថា អំពើហិង្សាក្នុងការប្រកួត Super Lig របស់ទួគីរវាង Fenerbahce និង Trabzonspor មិនអាចទទួលយកបានឡើយ។

Fenerbahce បច្ចុប្បន្នឈរនៅលេខរៀងទី២ ក្នុងតារាង Super Lig មាន ៧៩ពិន្ទុ ក្រោយឆ្លងកាត់ ៣០ប្រកួត តាមពីក្រោយក្រុមកំពូលតារាង Galatasaray ចំនួន២ពិន្ទុ និងនាំមុខក្រុមលេខ៣ Trabzonspor ចំនួន ៣០ ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង