×

ខ្សែបម្រើ Josh Cavallo ដែលស្រឡាញ់ភេទដូចគ្នានៅលីគកំពូលអូស្ត្រាលី សារភាពស្នេហ៍លើទីលាន

ខ្សែបម្រើ Josh Cavallo របស់ក្លិប Adelaide United នៅលីគកំពូលអូស្ត្រាលី A-League បានសារភាពស្នេហ៍ទៅដៃគូរបស់ខ្លួននៅលើទីលានរបស់ក្លិបដោយផ្ទាល់ ហើយរូបគេបានអរគុណសមាជិកក្លិប ដែលគាំទ្រ និងផ្តល់ទីតាំងក្នុងតារាងបាល់ទាត់សម្រាប់ពិធីរបស់ខ្លួន។

កាលពីឆ្នាំ ២០២១ Cavallo ជាកីឡាករបាល់ទាត់អាជីពកម្រិតខ្ពស់ដំបូងគេ ដែលហ៊ានសារភាពថា ខ្លួនជាអ្នកស្រឡាញ់ភេទដូចគ្នា។ រូបគេ ក៏ជាកីឡាករបាល់ទាត់ស្រឡាញ់ភេទដូចគ្នាម្នាក់គត់ដែលប្រកបអាជីពនៅលីគកំពូលអូស្ត្រាលី។

ក្រោយបើកចំហររឿងរ៉ាវរបស់ខ្លួន រួចមកក្លិបបាល់ទាត់ល្បីៗដូចជា Athletic Bilbao, Liverpool, Chelsea, និង Juventus ព្រមទាំងក្របខណ្ឌ Premier League ផងដែរនោះ បានចេញមុខគាំទ្រ Cavallo ពេញទំហឹង។

ថ្មីៗនេះ Cavallo បានបង្ហាញខ្លួនក្នុងកីឡដ្ឋាន Hindmarsh របស់ក្លិប Adelaide United ដើម្បីសារភាពស្នេហ៍ទៅកាន់ដៃគូរបស់គេ។ កីឡាករវ័យ២៤ឆ្នាំ បានលុតជង្គង់ម្ខាងនៅលើទីលាន ហើយប្រគល់ប្រអប់ជញ្ជៀនទៅឱ្យដៃគូ Leighton Morrell ដើម្បីជាការសារភាពស្នេហ៍។

Cavallo ដែលជាអ្នកតស៊ូមតិសម្រាប់សិទ្ធិស្រឡាញ់ភេទដូចគ្នាតាំងពីឆ្នាំ ២០២១ បាននិយាយអរគុណចំពោះក្លិបអាណាព្យាបាលខ្លួន និង ក្លិបបាល់ទាត់ដទៃទៀត ដែលគាំទ្ររូបគេ។

ក្រោយ Cavallo សារភាព មានកីឡាករអាជីពនៅលីគកំពូលមួយចំនួនបានបើកចំហថាពួកគេជាអ្នកស្រឡាញ់ភេទដូចគ្នាជាបន្តបន្ទាប់ ដូចជា ខ្សែប្រយុទ្ធ Jake Daniels នៅក្លិបអង់គ្លេស Blackpool, ខ្សែបម្រើ Jakub Jankto របស់ក្លិប Cagliari នៅលីគកំពូលអ៊ីតាលី Serie A ជាដើម។

យ៉ាងណា នៅតែមានកីឡាករស្រឡាញ់ភេទដូចគ្នាមួយចំនួនគ្មានភាពក្លាហានបើកចំហ បើទោះជាមានការគាំទ្រយ៉ាងខ្លាំងពីកីឡាបាល់ទាត់នៅទូទាំងពិភពលោកក៏ដោយ។ មានកីឡាករបាល់ទាត់មួយចំនួនប៉ុណ្ណោះចេញមុខសារភាព បន្ទាប់ពីពួកគេបានចូលនិវត្តន៍ពីអាជីពនេះ ដ្បិតពួកគេបារម្ភអំពីការមើលងាយពីមជ្ឈដ្ឋានខាងក្រៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង