គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បាននិយាយថា អត្តពលិករុស្សី និងបេឡារុស្ស នឹងមិនចូលរួមក្នុងក្បួនដង្ហែរបស់អត្តពលិក ក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនា ទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ ក្នុងខែកក្កដានោះទេ។
អត្តពលិកមកពីប្រទេសទាំងនេះដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកួតកីឡា នឹងត្រូវប្រកួតប្រជែងក្នុងនាមអព្យាក្រិត ដោយគ្មានទង់ជាតិ និងភ្លេងជាតិ ដែលជាការឆ្លើយតបរបស់ IOC ចំពោះការលុកលុយឈា្លនពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ ២០២២។
ពិធីបើកអូឡាំពិកនៅទីក្រុងប៉ារីស នឹងមិនត្រូវបានប្រារព្ធធ្វើនៅក្នុងកីឡដ្ឋាន ប៉ុន្តែនឹងត្រូវធ្វើឡើងនៅមាត់ទន្លេ Seine ដោយការដង្ហែក្បួនបើកព្រឹត្តិការណ៍ត្រូវបានរំពឹងថា នឹងមានអ្នកទស្សនាប្រមាណ ៣០០.០០០ នាក់។
ទោះជាអត្តពលិករុស្សី និងបេឡារុស្ស នឹងមិនក្លាយជាផ្នែកមួយនៃក្បួនដង្ហែ ប៉ុន្តែពួកគេនឹងនៅតែជាផ្នែកផ្សេងទៀត នៃកម្មវិធីបើកព្រឹត្តិការណ៍ដដែល។
IOC បាននិយាយថា អត្តពលិកទាំងនោះដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានការអនុញ្ញាតឱ្យចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤ នឹងត្រូវបានពិនិត្យដោយក្រុមការងារ IOC ពិសេស ដែលមានសមាជិកបីនាក់ក្នុងមួយក្រុម ដើម្បីបំពេញតាមលក្ខណៈវិនិច្ឆ័យសិទ្ធិដែល IOC បង្កើតឡើងសម្រាប់អត្តពលិករុស្ស៊ី និងបេឡារុសទាំងនោះ។
ដោយឡែក IOC បានរិះគន់ផែនការរបស់រុស្ស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាព របស់ពួកគេ ក្រោយអូឡាំពិកឆ្នាំ ២០២៤ ដោយនិយាយថា រុស្ស៊ីកំពុងធ្វើនយោបាយ និងបំពានលើធម្មនុញ្ញអូឡាំពិក។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០២៤ នាទីក្រុងប៉ារីស ប្រទេសបារាំង នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ ១១ ខែសីហា ខាងមុខ ដោយមានការប្រកួត ៣២៩វិញ្ញាសា លើកីឡា ៣២ប្រភេទ៕