×

អ្នករៀបចំការប្រកួតនៅហុងកុង នឹងផ្តល់សំណង៥០ភាគរយដល់អ្នកគាំទ្រ រឿង Lionel Messi មិនបានចូលលេង

អ្នកគាំទ្រដែលបានទិញសំបុត្រក្នុងគោលបំណងទស្សនា Lionel Messi នៅទីក្រុងហុងកុង ក្នុងជំនួបមិត្តភាពរវាងហុងកុង និង Inter Miami កាលពីខែកុម្ភៈ នឹងទទួលបានប្រាក់សំណង ៥០ ភាគរយវិញ។

ទទួលបានប្រាក់ពាក់កណ្តាលត្រឡប់ទៅវិញ លុះត្រាអ្នកគាំទ្រគ្មានឈប់បន្តការតវ៉ា ជុំវិញអវត្តមានប្រធានក្រុមអាហ្សង់ទីនលើទីលាន។

អ្នកគាំទ្របានចំណាយប្រាក់លើតម្លៃសំបុត្រចន្លោះពី ១១០ដុល្លារ ដល់៦៤០ដុល្លារ ដើម្បីអាចបានឃើញ Messi បង្ហាញខ្លួននៅទីលានប្រកួតក្នុងទឹកដីហុងកុង កាលពីថ្ងៃទី៤ ខែកុម្ភៈ។ ផ្ទុយទៅវិញអ្នកគាំទ្រប្រមាណជិត ៤ម៉ឺននាក់ សុទ្ធតែខកបំណង នៅពេលម្ចាស់ពាន Ballon d’Or ៨សម័យបានត្រឹមអង្គុយនៅកៅអីបម្រុងរហូតចប់ការប្រកួត។ មិនត្រឹមខកចិត្តឡើយ អ្នកគាំទ្រ បានបង្ហាញការខឹងសម្បារ និងផ្ទុះកំហឹងក្នុងប្រទេសចិន និងពេញបណ្តាញសង្គម។

បើទោះជាប្រធានក្រុមអាហ្សង់ទីនវ័យ៣៦ ឆ្នាំ បកសា្រយប្រាប់ពីមូលហេតុដែលខ្លួនមិនអាចចូលប្រកួតដោយសារបញ្ហារបួសក៏ដោយ អ្នកគាំទ្រទាំងនោះនៅតែមិនអាចទទួលយកបាន និងកាន់តែកើនកំហឹង ដ្បិត២ថ្ងៃក្រោយមក Messi ចូលលេងឱ្យ Inter Miami នៅ៣០នាទីចុងក្រោយ ក្នុងជំនួបទល់ Vissel Kobe នៅប្រទេសជប៉ុន ដែលមានអ្នកគាំទ្រជិត ៣ម៉ឺននាក់។

បើតាមក្រុមហ៊ុន Tatler Asia ដែលរ៉ាប់រងរៀបចំការប្រកួត អ្នកគាំទ្រដែលបញ្ជាទិញសំបុត្រពីគេហទំព័រផ្លូវការ នឹងទទួលបានប្រាក់សំណងត្រឡប់ទៅវិញ ៥០ភាគរយ។ មួយវិញទៀត អ្នកគាំទ្រទាំងឡាយណាដែលចង់បានប្រាក់សំណងរបស់ពួកគេត្រឡប់ទៅវិញ ទាល់តែត្រូវយល់ព្រមតាមលក្ខខណ្ឌ មិនបន្ត ដំណើរការតវ៉ាណាមួយចំពោះករណី Messi នេះបន្តទៀត។

សំណង ៥០ភាគរយនេះ អ្នករៀបចំការប្រកួត Tatler Asia បានជជែងជាមួយរដ្ឋបាលក្រុងហុងកុងដើម្បីសុំជំនួយ ១៦ លានដុល្លារកុង ដើម្បីអនុម័តសងត្រឡប់ទៅអ្នកគាំទ្រទាំងនោះវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង