គ្រូបង្វឹក លោក Carlo Ancelotti បានបញ្ជាក់ពីមូលហេតុដែលលោកបដិសេធឱកាសដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល ដោយថា លោកមានអារម្មណ៍ល្អយ៉ាងខ្លាំងជាមួយ Real Madrid ហើយចង់ដឹកនាំក្លិបបន្តទៀត។
កាលពីអំឡុងទីផ្សារដោះដូរកាលក្ដៅឆ្នាំមុន មានការផ្សព្វផ្សាយជាច្រើនបានលើកឡើងថា លោក Ancelotti សម្រេចចិត្តចែកផ្លូវពី Real Madrid នាពាក់កណ្ដាលឆ្នាំ ២០២៤ នៅពេលផុតកុងត្រា។ ក្រោយបែកជាមួយ Real Madrid លោកនឹងទៅដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។
ទោះជាយ៉ាងណា លោក Ancelotti បានបង្កការភ្ញាក់ផ្អើល នៅពេលលោកបានសម្រេចចុះកុងត្រាថ្មីរយៈពេល ២ ឆ្នាំជាមួយ Real Madrid កាលពីខែធ្នូកន្លងទៅ ដែលមានន័យថា លោកនឹងដឹកនាំក្លិបរហស្សនាមអធិរាជសរហូតដល់ឆ្នាំ ២០២៦។
ទាក់ទិននឹងរឿងនេះគ្រូបង្វឹកជនជាតិអ៊ីតាលីបានលើកឡើងថា៖ “ខ្ញុំពេញចិត្ត ជាមួយការដឹកនាំនៅ Real Madrid។ សូមចងចាំថា អ្វីដែលសំខាន់បំផុតគឺ Real Madrid ជាក្លិបដ៏អស្ចារ្យមួយ ហើយពួកគេមានភាពជាខ្លួនឯង។ ខ្ញុំមានមោទកភាពក្នុងការធ្វើការងារនៅទីនេះ។”
ការវិភាគជាច្រើនបានលើកឡើងថា លោក Ancelotti សម្រេចចិត្តដូច្នេះដោយសាររឿងហិរញ្ញវត្ថុ។ ប្រាក់បំណាច់ក្នុងការដឹកនាំ Real Madrid មានសភាពច្រើនជាងការដឹកនាំប្រេស៊ីល។
មជ្ឈដ្ឋានខ្លះ លើកឡើងអំពីភាពទាក់ទាញរបស់ Real តាមរយៈការនាំចូលកីឡាករល្អៗ ហើយមានវ័យក្មេង ដែលជាកត្តាសំខាន់មួយទាក់ទាញចិត្តលោក Ancelotti ឱ្យបន្តនៅជាមួយក្លិប។ ឧទាហរណ៍ជាក់ស្តែង Real កំពុងព្យាយាមក្នុងការនាំចូលខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំ Kylian Mbappe ដែលនឹងដាច់កុងត្រាជាមួយ PSG នៅខែមិថុនាខាងមុខ។
លោក Ancelotti មានប្រវត្តិដឹកនាំ Real Madrid ចំនួនពីរលើក។ លើកទីមួយ គឺពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៥។ លើកទីពីរ គឺចាប់ពីឆ្នាំ ២០២១ ដល់ពេលបច្ចុប្បន្ន។ លោកបានជួយក្លិបឈ្នះពានធំៗជាច្រើនរួមមាន UEFA Champions League ចំនួន ២ លើក UEFA Super Cup ២ លើក FIFA Club World Cup ២ លើក និងពានលីគកំពូលអេស្ប៉ាញចំនួនមួយលើក៕