×

Vinicius Junior បង្ហើបទាំងទឹកភ្នែកថា ការរើសអើងពូជសាសន៍នៅអេស្ប៉ាញ ធ្វើឱ្យគេបាត់បង់ចំណង់លេងបាល់ទាត់

ខ្សែបម្រើ Vinicius Junior បានស្រក់ទឹកភ្នែក ហើយបាននិយាយថា រូបគេកំពុងតស៊ូដើម្បីរក្សាការលើកទឹកចិត្ត និងរីករាយនឹងការលេងបាល់ទាត់ ដោយសារតែការរំលោភបំពានការរើសអើងជាតិសាសន៍ដែលគេទទួលរងនៅក្នុងប្រទេសអេស្ប៉ាញ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានដ៏រំជួលចិត្តមួយនៅមុនការប្រកួតមិត្តភាពអន្តរជាតិរបស់ប្រេស៊ីលទល់នឹងក្រុមអេស្ប៉ាញ កីឡាករក្លិប Real Madrid បាននិយាយថា គេមានការខកចិត្តជាខ្លាំងនៅពេលដែលអ្នកគាំទ្របន្ត ការគំរាមកំហែងរើសអើងជាតិសាសន៍មកលើខ្លួន។

កីឡាករ វ័យ២៣ឆ្នាំ បានរៀបរាប់ដូច្នេះថា៖ “ខ្ញុំគ្រាន់តែចង់លេងបាល់ទាត់ ធ្វើអ្វីគ្រប់យ៉ាងដើម្បីក្លិប និងសម្រាប់គ្រួសាររបស់ខ្ញុំ ប៉ុន្តែខ្ញុំមានអារម្មណ៍កាន់តែសោកសៅ នៅពេលរូបខ្ញុំរងការប្រមាថ រើសអើងជាតិសាសន៍ម្តងហើយម្តងទៀតពីអ្នកគាំទ្រនៅអេស្ប៉ាញ។ បញ្ហាទាំងនេះបានធ្វើឱ្យខ្ញុំចាប់ផ្តើមបាត់បង់ភាពរីករាយក្នុងការលេងបាល់ទាត់។”

Vinicius Junior បានបន្តថា៖ “ទោះយ៉ាងណា ខ្ញុំនឹងតស៊ូ ហើយមិនចាកចេញនោះទេ ព្រោះបើខ្ញុំបោះបង់វា នោះមានន័យថា ខ្ញុំបានធ្វើតាមអ្វីដែលអ្នករើសអើងជាតិសាសន៍ទាំងនោះចង់បាន។ ខ្ញុំនឹងព្យាយាមជាមួយ ក្លិប Real Madrid ដើម្បីទទួលបានជោគជ័យ និងបង្ហាញទៅកាន់អ្នកទាំងនោះអំពីរូបខ្ញុំ។”

កាលពីរដូវកាលមុន មានការរាយការណ៍ពីការរើសអើងជាតិសាសន៍ចំនួន១០ករណី ប្រឆាំងនឹង Vinicius Junior ដែលបានកត់ត្រាដោយរដ្ឋអាជ្ញាអេស្ប៉ាញ និងក្របខណ្ឌ La Liga ខណៈកាលពីខែឧសភាកន្លងទៅ ការប្រកួតក្របខណ្ឌ La Liga របស់ Real Madrid នៅកីឡដ្ឋាន Mestalla របស់ Valencia ត្រូវបានផ្អាករយៈពេល ១០នាទី បន្ទាប់ពី Vinicius ត្រូវបានរងការបំពាន។

ដោយឡែក គ្រូបង្វឹករបស់ប្រេស៊ីល លោក Dorival Junior បាននិយាយថា គ្មានពាក្យអ្វីផ្សេងក្រៅពី ជាជនកំសាក ដើម្បីបង្ហាញពីអ្វីដែលអ្នកគាំទ្របាល់ទាត់ដែលរើសអើងជាតិសាសន៍កំពុងធ្វើនៅកីឡដ្ឋានរបស់អេស្ប៉ាញ។

សូមបញ្ជាក់ថា ប្រេស៊ីល នឹងត្រូវជួបជាមួយអេស្ប៉ាញក្នុងជំនួបមិត្តភាព នៅកីឡដ្ឋាន Santiago Bernabeu យប់នេះ ដែលជាផ្នែកនៃយុទ្ធនាការប្រឆាំងការរើសអើងជាតិសាសន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង