×

៦ ក្រុមប្រកួតដណ្ដើមយក ៣ កៅអីចុងក្រោយសម្រាប់ UEFA EURO 2024, CBS ផ្សាយបន្តផ្ទាល់យប់នេះ

យប់នេះជាយប់ដែលបងប្អូនមិនអាចរំលងបានឡើយ! ការប្រកួតដ៏សំខាន់ចំនួន ៣ នឹងត្រូវធ្វើឡើងនៅរាត្រីដ៏រន្ធត់នេះ ដោយក្រុមជម្រើសជាតិចំនួន ៦ ក្រុម ស្មើនឹង ៣ គូ នឹងត្រូវប្រកួតយក ៣ កៅអីចុងក្រោយ សម្រាប់ឈានទៅលេងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុប UEFA EURO 2024 នៅប្រទេសអាល្លឺម៉ង់។

ការប្រកួតទាំង ៣ គូ (European Qualifiers Play-Off Finals) នឹងត្រូវផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ២ រួមមាន CTN និង MyTV ជាបន្តបន្ទាប់។ ក្នុងនោះ CTN នឹងផ្សាយបន្តផ្ទាល់ការប្រកួតបើកឆាករវាងក្រុម ហ្សកហ្ស៊ី Vs ក្រិក នៅម៉ោង ១១:៥០ នាទីយប់នេះ។

បន្ទាប់មក ជំនួបរវាង វែលស៍ Vs ប៉ូឡូញ នៅម៉ោង ០២:៣៥ នាទីរំលងធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា នៅ CTN ដដែល ហើយសម្រាប់គូចុងក្រោយ អ៊ុយក្រែន Vs អ៊ីស្លង់ ធ្វើឡើងដំណាលគ្នា នៅម៉ោង ០២:៣៥ នាទីរំលងធ្រាត្រ ដោយផ្សាយបន្តផ្ទាល់នៅ MyTV ។

ការប្រកួតទាំង៣ នឹងមានផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុកផេក CBS Sports ផងដែរ!

សម្រាប់គូ ហ្សកហ្ស៊ី Vs ក្រិក ក្រុមណាដែលទទួលជ័យជម្នះ នឹងចូលទៅក្នុងពូល F ដែលមាន តួកគី, ព័រទុយហ្គាល់ និង ឆេក ។ រីឯ វែលស៍ Vs ប៉ូឡូញ នឹងមានមួយក្រុម មានកៅអីក្នុងពូល D ដែលមាន ហុល្លង់, អូទ្រីស និង បារាំង ។ ចំណែក អ៊ុយក្រែន និង អ៊ីស្លង់ ប្រកួតគ្នាដើម្បីដណ្ដើមកៅអីក្នុងពូល E ដែលមាន បែលហ្ស៊ិក ស្លូវ៉ាគី និងរ៉ូម៉ានី។

ការប្រកួតជុំផ្ដាច់ព្រ័ត្រនៅប្រទេសអាល្លឺម៉ង់ UEFA EURO 2024 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ មិថុនា ដល់ ១៤ កក្កដា ឆ្នាំ២០២៤ នៅក្នុងទីក្រុងចំនួន ១០ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង