អតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល និង ក្លិប Barcelona, Dani Alves ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន ក្រោយពីសាមីកីឡាករ បានបង់ប្រាក់ធានាក្រៅឃុំប្រមាណ ១លានដុល្លារអាមេរិក។
កាលពីខែកុម្ភៈ កីឡាករវ័យ ៤០ឆ្នាំ ត្រូវបានតុលាការទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ៦ខែ ពីបទរំលោភបំពានផ្លូវភេទទៅលើនារីម្នាក់នៅក្នុងក្លិបកម្សាន្ត។
យ៉ាងណាមិញ ថ្មីៗនេះ Dani Alves បានធ្វើការប្ដឹងទៅសាលាឧទ្ធរណ៍ តវ៉ានឹងសាលដីកាតុលាការជាន់ទាប។
ជាមួយនឹងការបង់ជាទឹកប្រាក់ ប្រមាណ ១លានដុល្លារអាមេរិក Dani Alves បានប្រគល់លិខិតឆ្លងដែនប្រេស៊ីល និងអេស្ប៉ាញ ទៅឱ្យតុលាការអេស្ប៉ាញ។
ការដោះលែងជាបណ្ដោះអាសន្ននេះធ្វើឱ្យ Alves នៅក្រៅឃុំជាលើកដំបូងក្នុងរយៈពេល ១៤ខែ។
សូមជម្រាបផងដែរថា Dani Alves ជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូប ដោយឈ្នះពានជាច្រើនជាមួយក្លិប Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល។ យ៉ាងណាមិញ រឿងអាស្រូវនៃការរំលោភបំពានផ្លូវភេទ ហាក់បានបញ្ចប់អាជីពបាល់ទាត់របស់គេទៅហើយ៕