×

អាល្លឺម៉ង់រឹតបន្តឹងព្រំដែន អំឡុងព្រឹត្តិការណ៍ UEFA Euro 2024

រដ្ឋមន្ត្រីមហាផ្ទៃអាល្លឺម៉ង់ លោកស្រី Nancy Faeser បាននិយាយថា ប្រទេសអាល្លឺម៉ង់ នឹងប្រើប្រាស់គម្រោងរឹតបន្តឹងព្រំដែនបណ្តោះអាសន្នជាមួយប្រទេសជិតខាង ដែលជាផ្នែកនៃការពង្រឹងសន្តិសុខកើនឡើងជុំវិញការដែលពួកគេនឹងធ្វើជាម្ចាស់ផ្ទះ UEFA Euro ឆ្នាំ ២០២៤។

ការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប ដែលធ្វើឡើងនាទឹកដីអាល្លឺម៉ង់ជាលើកទី៣នេះ ត្រូវបានជឿថា នឹងទាក់ទាញអ្នកគាំទ្រ២,៧លាននាក់ទៅទស្សនាដោយផ្ទាល់នាកីឡដ្ឋាន និងមានអ្នកគាំទ្រកើនឡើងដល់១២លាននាក់ ក្នុងការទស្សនាព្រឹត្តិការណ៍នេះជាសាធារណៈ។

យ៉ាងណា ការព្រួយបារម្ភបានកើតឡើង ចំពោះលទ្ធភាពនៃការវាយប្រហារនានា អំឡុងពេលព្រឹត្តិការណ៍ដំណើរការ ដោយជាក់ស្តែង ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ដែលគេស្គាល់ថា ISIS-Khorasan ហាក់ជាអ្នកទទួលខុសត្រូវលើការវាយប្រហារដ៏ធំនៅជិតទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីពេលកន្លងទៅ ដែលធ្វើឱ្យបាត់បង់ជីវិតមនុស្ស ១៣៩នាក់។

បញ្ហានេះ ត្រូវបានចាត់ទុកជាការបង្កការគំរាមកំហែងដ៏ធំបំផុតរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដល់សន្តិសុខនៅក្នុងប្រទេសអាល្លឺម៉ង់។ ដូច្នេះហើយ អាល្លឺម៉ង់ ចង់ប្រើប្រាស់គម្រោងគ្រប់គ្រងព្រំដែនបណ្តោះអាសន្ន ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ។

ទាក់ទិននឹងរឿងនេះ លោកស្រី Nancy Faeser បានឱ្យដឹងថា៖ “ខ្ញុំមានតួនាទីក្នុងការដំណើរការការពារប្រទេសជាតិរបស់ខ្ញុំ។ យើងមានការព្រួយបារម្ភ អំពីការវាយប្រហារនៅជុំវិញពិភពលោក ដែលកើតឡើងជារៀងរាល់ថ្ងៃ ដូច្នេះយើងត្រូវយកចិត្តទុកដាក់រាល់គ្រប់វិធីដើម្បីការពារប្រទេសរបស់យើង ជាពិសេសអំឡុងពេលដែលពួកយើងត្រូវដំណើរការព្រឹត្តិការណ៍ដ៏ធំមួយ ដូចជា UEFA Euro។ ឥឡូវនេះ យើងនឹងចាប់ផ្តើមប្រើប្រាស់គម្រោង គ្រប់គ្រងព្រំដែន ដែលជាផ្នែកមួយនៃការពង្រឹងសន្តិសុខជាតិរបស់យើង។”

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro 2024 នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ដោយប្រទេសអាល្លឺម៉ង់បានជ្រើសរើសយកកីឡដ្ឋាន ចំនួន១០ កន្លែង ពីទីក្រុងចំនួន១០នៅទូទាំងប្រទេស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង