មន្ត្រីប៉ូលីសនៅអាហ្សង់ទីនបានឃុំខ្លួន ជនសង្ស័យពាក់ព័ន្ធនឹងការគំរាមកំហែងនិងការបាញ់ប្រហារទៅលើ ខ្សែប្រយុទ្ធ Angel Di Maria និងគ្រួសាររបស់គេនៅជាយក្រុង Rosario ចំពេលមានរលកដ៏ខ្លាំងក្លានៃអំពើហិង្សាទាក់ទងនឹងគ្រឿងញៀននៅកណ្តាលទីក្រុង។
ជាការពិត កាលពីពេលថ្មីៗនេះ កីឡាករវ័យ ៣៦ ឆ្នាំ បានទទួលសារគំរាមចំពោះរូបគេ ដោយសេចក្តីសរសេរនៅក្នុងសារនោះបានដាក់ការប៉ុនប៉ងលើអាយុជីវិតរបស់រូបគេ រួមទាំងគ្រួសារ ប្រសិនបើពួកគេនៅបន្តរស់នៅទីក្រុង Rosario ទៀត។
ក្រោយទទួលបានសារគំរាមកំហែង សមាជិកក្លិបព័រទុយហ្គាល់ Benfica រូបនេះ បានសុំជំនួយ ពីអាជ្ញាធរ ហើយក៏មានការស៊ើបអង្កេតជាបន្តបន្ទាប់។
អាជ្ញាធរ បានឃ្លាំមើលផ្ទះរបស់ជនសង្ស័យសំខាន់ចាប់តាំងពីថ្ងៃពុធ ហើយចុងក្រោយបានសម្រេចឃាត់ខ្លួនជនសង្ស័យតែម្តង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ការឃាត់ខ្លួននេះបានធ្វើឡើងនៅពេលដែលជនសង្ស័យ បានចាកចេញពីទីកន្លែងមួយជាមួយដៃគូរបស់គេដោយកាន់កាបូប ដែលមានផ្ទុកកូកាអ៊ីន ១៣២ ក្រាម ថែមទៀត។
អ្នកជំនាញបាននិយាយថា ទីក្រុង Rosario ដែលជាមជ្ឈមណ្ឌលកសិផលដ៏ធំបំផុតមួយរបស់ពិភពលោក បានរងគ្រោះក្នុងអំពើហិង្សា ខណៈដែលក្រុមជួញដូរគ្រឿងញៀនត្រូវហាក់បានមកប្រមូលផ្តុំគ្នានាទីនេះ ដែលធ្វើឱ្យទីក្រុងនេះ ក្លាយជាច្រកសម្រាប់គ្រឿងញៀនខុសច្បាប់ ដែលត្រូវបញ្ជូនទៅប្រទេសផ្សេងទៀត៕