អ្នកគាំទ្របាល់ទាត់ជាង១,៦០០នាក់ នៅទូទាំងប្រទេសអង់គ្លេស និងវែលស៍ ដែលជាប់បម្រាមបាល់ទាត់ ត្រូវបានអាជ្ញាធរប្រាប់ឱ្យប្រគល់លិខិតឆ្លងដែន ដើម្បីបញ្ឈប់ពួកគេមិនឱ្យធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ សម្រាប់ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ ២០២៤ ។
ជាការពិត អ្នកគាំទ្រជាប់បម្រាមទាំងនោះ នឹងត្រូវដកហូតលិខិតឆ្លងដែនចក្រភពអង់គ្លេសរបស់ពួកគេ ចាប់ពីថ្ងៃទី៤ ខែមិថុនា រហូតដល់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលជាថ្ងៃបញ្ចប់ការប្រកួត Euro 2024 ខណៈថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ គឺកាលបរិច្ឆេទបើកព្រឹត្តិការណ៍ Euro 2024 ។
លោក Chris Philp រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧក្រិដ្ឋកម្ម របស់ចក្រភពអង់គ្លេស បានឱ្យដឹងថា អំពើហិង្សា ការរំលោភបំពាន និងភាពមិនប្រក្រតី គឺត្រូវប្រាកដថា គ្មាននៅកន្លែងនៃការប្រកួត ដែលពួកយើងចូលចិត្តនោះទេ ហើយជនមិនគោរពច្បាប់អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់៦ខែ។ អ្នកគាំទ្រភាគច្រើនបានគោរពច្បាប់ ប៉ុន្តែអាជ្ញាធរនឹងគ្មានការអត់ឱនចំពោះជនដែលរំខានដល់ព្រឹត្តិការណ៍នោះទេ។
វិធានការទាំងនេះ នឹងធានាឱ្យអ្នកគាំទ្របាល់ទាត់ពិតប្រាកដអាចធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ Euro 2024 ដោយសុវត្ថិភាព និងការពារជនក្បត់ជាតិពីការប្រព្រឹត្តឧក្រិដ្ឋកម្មនៅបរទេស។
អ្នកដែលមិនគោរពតាម ឬព្យាយាមធ្វើដំណើរទៅអាល្លឺម៉ង់ ឬប្រទេសជុំវិញនោះ នឹងត្រូវប្រឈមមុខនឹងការផាកពិន័យជាទម្ងន់ដោយគ្មានកំណត់ ឬការជាប់ពន្ធនាគារ។
មន្ត្រីប៉ូលិសក៏នឹងមានអំណាចបន្ថែម ដើម្បីស្ទាក់ចាប់អ្នកបង្កបញ្ហា ហើយបុគ្គលទាំងនោះនឹងប្រឈមមុខនឹងការហាមឃាត់ភ្លាមៗ នៅក្នុងសវនាការតុលាការក្នុងរយៈពេល២៤ម៉ោង។
អ្នកគាំទ្រជាង១,៣០០នាក់រួចហើយ ដែលត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅកាន់ប្រទេសកាតា សម្រាប់ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ខណៈបើយោងតាមតួលេខរបស់ស្ថាប័នប៉ូលិស ដែលចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំមុន បានបង្ហាញថា ចំនួននៃការចាប់ខ្លួនអ្នកបង្កបញ្ហា នៅក្នុងការប្រកួតបាល់ទាត់នៅប្រទេសអង់គ្លេស និងវែលស៍ បានឈានដល់កម្រិតខ្ពស់រយៈពេល៩ឆ្នាំកន្លងមកនេះ៕