×

កីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son Jun-ho ដែលឃាត់ខ្លួនដោយអាជ្ញាធចិនត្រូវបានដោះលែង

កីឡាករក្រុមជម្រើសជាតិកូរ៉េខាងជើង Son Jun-ho ដែលត្រូវបានឃាត់ខ្លួនដោយអាជ្ញាធរប្រទេសចិន ជុំវិញរឿងរ៉ាវស៊ីសំណូក ត្រូវបានដោះលែង ហើយបានបញ្ជូនឱ្យវិលត្រឡប់ទៅផ្ទះវិញ។ នេះបើតាមការប្រកាសរបស់ក្រសួងការបរទេសរបស់កូរ៉េខាងត្បូង។

Jun-ho ជាអតីតខ្សែការពារមួយរូប លេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ឱ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ភាគខាងជើងនៃប្រទេសចិន កាលពីខែឧសភា ឆ្នាំ២០២៣។

បើតាមការលើកឡើងរបស់រដ្ឋាភិបាលប្រទេសចិន ការឃាត់ខ្លួននេះ បានធ្វើឡើងក្រោមមូលហេតុ ការសង្ស័យទទួលសំណូកពីបុគ្គលិកក្រៅរដ្ឋក្នុងប្រទេសចិន។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកូរ៉េខាងត្បូងឱ្យដឹងថា៖ “កីឡាករ Son បានមកដល់ប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ នៅពេលដែលការឃុំខ្លួនរបស់គេត្រូវបានបញ្ចប់ ក្រោយរយៈពេល១០ខែរួចមក។ ជំនួយផ្នែកច្បាប់យ៉ាងសកម្មតាមរយៈការទំនាក់ទំនងដ៏ជិតស្និទ្ធិជាមួយនឹងក្រុមគ្រួសាររបស់កីឡាករ Son តែងត្រូវធ្វើឡើង។”

សមាគមបាល់ទាត់កូរ៉េខាងត្បូង ក៏បានបញ្ជាក់ដូចគ្នាពីការដោះលែងកីឡាករ Son ថា កីឡាករវ័យ ៣១ឆ្នាំ បានវិលត្រឡប់មកដល់ផ្ទះវិញហើយ។

Son Jun-ho ធ្លាប់បានប្រកបអាជីពនៅក្លិបក្នុងប្រទេសចិន Shandong Taishan ក្នុងលីគកំពូល Chinese Super League ចាប់តាំងពីឆ្នាំ ២០២១ ហើយបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលរៀបចំឡើងក្នុងប្រទេសកាតា។

ការចាប់ខ្លួនលើកីឡាករកូរ៉េខាងត្បូង ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលប្រទេសចិន បានចេញច្បាប់ស្តីពីការរឹតបន្តឹង និងការស៊ើបអង្កេតពីអំពើពុករលួយក្នុងវិស័យបាល់ទាត់ តាំងពីប្រព័ន្ធគ្រប់គ្រង មន្ត្រី រហូតដល់ក្រុមកីឡាករ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង