កីឡាករហ្វាំងឡង់ Kalle Rovanpera បានទទួលជ័យជម្នះជើងឯកនៅក្នុងការប្រណាំងរថយន្តកម្មវិធី Safari Rally Kenya ដែលបានដំណើរការរយៈពេល៣ថ្ងៃកន្លងមក នាតំបន់ Nairobi ប្រទេសកេនយ៉ា។
ជាក់ស្តែង សមាជិកក្រុម Toyota បានបញ្ចប់ទីព្រ័ត្រមុនគេក្នុងការជិះលើចម្ងាយផ្លូវប្រមាណ 355.92 គីឡូម៉ែត្រ ប្រើពេលអស់ ៣ម៉ោង ៣៦នាទី និង៤វិនាទី។ កីឡាករជប៉ុន Takamoto Katsuta មកពីក្រុម Toyota ដូចគ្នា បញ្ចប់ទីព្រ័ត្រ ក្នុងចំណាត់ថ្នាក់លេខ២ យឺតជាងអ្នកលេខ១ ១នាទី ៣៧វិនាទី ចុច៨ ហើយកីឡាករ បារាំង Adrien Fourmaux មកពីក្រុម M Sport Ford បញ្ចប់ទីព្រ័ត្រ ក្នុងចំណាត់ថ្នាក់លេខ៣ យឺតជាងអ្នកលេខ១ ២នាទី ២៥វិនាទី ចុច១។
យ៉ាងណា នៅតារាងពិន្ទុសរុបវិញ កីឡាករបែលហ្ស៊ិក Thierry Neuville មកពីក្រុម Hyundai ជាអ្នកឈរកំពូលតារាង ដោយមាន ៦៧ពិន្ទុ ខណៈកីឡាករ អង់គ្លេស Elfyn Evans មកពីក្រុម Toyota ឈរនៅលេខ២ មាន៦១ពិន្ទុ ហើយកីឡាករបារាំង Adrien Fourmaux នៅឈរលេខ៣ មាន ៤៦ពិន្ទុ។
សូមបញ្ជាក់ថា កម្មវិធី Safari Rally Kenya គឺជាដំណាក់កាលទី ៣ ក្នុងចំណោម១៣ នៃការប្រណាំងរថយន្ត ពានរង្វាន់ World Rally Championship ប្រចាំរដូវកាល ២០២៤នេះ។
សម្រាប់ការប្រកួតជាបន្ត ដំណាក់កាលទី៤ ជាកម្មវិធី Croatia Rally ធ្វើឡើងនាទីក្រុង Zagreb ប្រទេសក្រូអាត ចាប់ពីថ្ងៃទី១៩ ដល់ ២១ ខែមេសា ខាងមុខ៕