ការប្រកួតវាយកូនបាល់កម្រិត ATP Masters 1000 កម្មវិធី Miami Open 2024 បានបញ្ចប់រួចរាល់ហើយ បន្ទាប់ពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។
ជាក់ស្តែង គេក៏បានរកឃើញអ្នកទទួលបានតំណែងជើងឯកនៃកម្មវិធីនេះផងដែរ នោះគឺកីឡាករអ៊ីតាលី Jannik Sinner ដោយរូបគេបានយកឈ្នះទៅលើកីឡាករប៊ុលហ្ការី Grigor Dimitrov នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 និង 6-1 ។
នេះជាពានរង្វាន់ទី៣ហើយ ដែលកីឡាករ Jannik Sinner បានឈ្នះនៅក្នុងរដូវកាល ២០២៤ បន្ទាប់ពីរូបគេបានឈ្នះពានរង្វាន់ Australian Open និងពានរង្វាន់ Rotterdam Open កាលពីពេលកន្លងទៅ។
វាក៏បានធ្វើឱ្យ Jannik Sinner ក្លាយជាកីឡាករវាយកូនបាល់ជនជាតិអ៊ីតាលីទី១ ដែលបានរំកិលចំណាត់ថ្នាក់មកកាន់ចំណាត់ថ្នាក់លេខ២ពិភពលោក ពេលដែលតារាងចំណាត់ថ្នាក់ធ្វើការផ្លាស់ប្តូរនៅថ្ងៃចន្ទនេះ។
សូមបញ្ជាក់ថា ការប្រកួតវាយកូនបាល់ កម្មវិធី Miami Open 2024 គឺជាការដំណើរការលើកទី៣៩ នៅក្នុងប្រវត្តិសាស្ត្រ ដោយប្រាក់រង្វាន់នៃកម្មវិធី មានប្រមាណ ៨លាន ៩សែនដុល្លារឯណោះ៕