អតីតគ្រូបង្វឹក Roma លោក Jose Mourinho បានប្រាប់ពីមូលហេតុ ដែលលោកបានបដិសេធមិនទៅដឹកនាំនៅក្លិបរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ទោះបីជាមានការអូសទាញពី អតីតកូនក្រុមនោះគឺខ្សែប្រយុទ្ធ Cristiano Ronaldo ក៏ដោយ។
បុរសសញ្ជាតិព័រទុយហ្គាល់ ដែលត្រូវបាន Roma បណ្តេញចេញតំណែង កាលពីខែកុម្ភៈ ត្រូវបានគេរាយការណ៍ថា មានក្លិប Al Shabab ស្ថិតក្នុងក្របខណ្ឌ Saudi Pro League ធ្លាប់បានដាក់សំណើទៅកាន់លោក។ លោក Mourinho បានជួបជជែកគ្នាជាមួយប្រធានក្លិប មកពីអារ៉ាប៊ីសាអ៊ូឌីត លោក Domenico Tite ក្រោយពេលក្លិប Roma បណ្តេញចេញបានត្រឹម ១សប្តាហ៍។
ពេលថ្មីៗនេះ នាកិច្ចសម្ភាសជាមួយអ្នកកាសែតផ្នែកផ្ទេរកីឡាករដ៏ល្បីសញ្ជាតិអ៊ីតាលី លោក Fabrizio Romano អតីតគ្រូបង្វឹក Real Madrid, Chelsea, Manchester United បានប្រាប់ពីមូលហេតុ ៣យ៉ាង ដែលលោកបដិសេធ មិនដឹកនាំក្រុមនៅអារ៉ាប៊ីសាអ៊ូឌីត បើទោះបីជាមានខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Cristiano Ronaldo ក៏បានរួមចំណែកអូសទាញលោក ក៏ដោយ។
លោក Mourinho បានបកស្រាយពីហេតុផល ដែលលោកមិនទៅដឹកនាំក្រុមនៅអារ៉ាប៊ីសាអ៊ូឌីតបែបនេះថា៖ “ខ្ញុំគិតថា Cristiano Ronaldo បានបើកទ្វារក្នុងលក្ខខណ្ឌ សម្រាប់មនុស្សដែលមានជំនឿថា អាចទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីតែរស់នៅកម្សាន្តនៅទីនោះ និងដើម្បីរីករាយ នឹងការអភិវឌ្ឍប្រទេស ដែលចង់ក្លាយជាប្រទេសក្នុងវិស័យបាល់ទាត់។ ពេលខ្លះមានចំណងចំណូលចិត្ត តែគ្មានការអភិវឌ្ឍ។ យ៉ាងណា ខ្ញុំចង់បន្តដឹកនាំនៅក្នុងក្លិបស្ថិតនៅតំបន់អឺរ៉ុប ដ្បិតការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតកន្លងមក ដើម្បីតែកម្សាន្តតែប៉ុណ្ណោះ។”
លោក Mourinho បន្តថា៖ “Ronaldo បានបើកផ្លូវ នៅពេលដែលខ្ញុំមានអទិភាព។ ខ្ញុំបានបដិសេធព្រោះអ្វីដែលសំខាន់ជាងសម្រាប់ខ្ញុំគឺ Roma គោលដៅបាល់ទាត់អឺរ៉ុប និងការប្តេជ្ញាចិត្ត។ បើ អ្នកសួរខ្ញុំពីមូលហេតុទៅអារ៉ាប៊ីសាអ៊ូឌីត គឺគ្រាន់តែទៅដើរលេងកម្សាន្តតែប៉ុណ្ណោះ។”
កន្លងមកបុរសរហស្សនាម Special One រូបនេះ ត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងទីលានប្រណាំងរថយន្ត Saudi Grand Prix ជាមួយនឹងលោក Anthony Joshua’Bout និងលោក Francis Ngannou។ លោក Mourinho បានបង្ហើបប្រាប់អ្នកកាសែតថា លោកពេញចិត្តក្នុងការទទួលយកការងារថ្មី ក្នុងរដូវកាលបន្ទាប់៕