×

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ប្រឈមជាប់ពន្ធនាគារ ៣០ខែ រឿងអាស្រូវថើបកីឡាការិនី

អតីតប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF លោក Luis Rubiales អាចនឹងត្រូវជាប់ពន្ធនាគាររយៈពេល ២ឆ្នាំកន្លះ ជុំវិញការបង្កកំហុសបង្កើតរឿងអាស្រូវការថើបលើកីឡាការិនីក្រុមជម្រើសជាតិអេស្ប៉ាញ Jenni Hermoso ។

រដ្ឋអាជ្ញាអេស្ប៉ាញ បានស្នើសុំតុលាការសម្រេចដាក់ទោសលោក Rubiales ឱ្យជាប់ពន្ធនាគារ ១ឆ្នាំ ពីបទបំពានផ្លូវភេទ និង ១ឆ្នាំកន្លះទៀត ពីបទបង្ខិតបង្ខំ។

រឿងអាស្រូវការថើប កើតឡើងនាពេលព្រឹត្តិការណ៍ World Cup នារីឆ្នាំ ២០២៣ ក្រោយពេលក្រុមនារីអេស្ប៉ាញ បានបំបាក់ក្រុមនារីអង់គ្លេស ដើម្បីគ្រងជើងឯកម្ចាស់ពានបាល់ទាត់ពិភពលោក។ ពេលកម្មវិធីប្រគល់ពានរង្វាន់ លោក Rubiales បានថើបលើកីឡាការិនីគ្រប់គ្នា ក្នុងនោះកីឡាការិនី Hermoso ត្រូវបានថើបដល់បបូរមាត់។

នាង Hermoso មិនសប្បាយចិត្តនឹងទង្វើនេះឡើយ។ ពេលវិលត្រឡប់មកដល់ទឹកដីអេស្ប៉ាញ រឿងអាស្រូវការថើបនេះ ត្រូវបានប្រជាជនអេស្ប៉ាញ និងមន្ត្រីរដ្ឋាភិបាលអេស្ប៉ោញរិះគន់យ៉ាងខ្លាំង រហូតធ្វើឱ្យលោក Luis Rubiales ត្រូវចុះចេញពីតំណែង។ លោក Rubiales ក៏ត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ព្យួរពីសកម្មភាពបាល់ទាត់ ហើយតែងតាំងអ្នកជំនួសតំណែងប្រធានសហព័ន្ធថ្មី។

មិនត្រឹមតែលោក Rubiales ម្នាក់ឡើយដែលត្រូវបញ្ចប់តំណែង ក្នុងនោះប្រធានផ្នែកប្រតិបត្តិលោក Albert Luque និងលោក Ruben Rivera ក៏ត្រូវបានរងការចោទប្រកាន់ពីរដ្ឋអាជ្ញាអេស្ប៉ាញ រួមទាំងអតីតគ្រូបង្វឹកក្រុមនារីលោក Jorge Vilda មួយរូបថែមទៀត។ បុរសមានតំណែងក្រោមលោក Rubiales ទាំងបី រងការចោទប្រកាន់ពីបទបង្ខិតបង្ខំ ហើយថែមទាំងត្រូវបង់ប្រាក់ក្នុងម្នាក់ ៥០,០០០អឺរ៉ូ ទៅកាន់កីឡាការិនីរងគ្រោះ។

សហព័ន្ធ RFEF ក៏បានបញ្ជាក់ដែរថា ចំពោះបញ្ហាកន្លងមកដែលស្ថិតក្រោមការគ្រប់គ្រងរបស់អតីតប្រធានសហព័ន្ធលោក Rubiales នឹងត្រូវត្រួតពិនិត្យឡើងវិញ។ ការបញ្ជាក់នេះ កើតឡើងក្រោយពេលដែលរដ្ឋអាជ្ញាអេស្ប៉ាញ បានចោទប្រកាន់លោក Rubiales ពីបទរំលោភបំពានផ្លូវភេទ និងការបង្ខិតបង្ខំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង